អង្គការឧតុនិយមពិភពលោក (WMO) របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងដូចជាភ្លៀងបង្កឡើងដោយព្យុះត្រូពិកដ៏កម្រដែលបានបំផ្លិចបំផ្លាញតំបន់មួយចំនួននៅអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង កាលពីសប្តាហ៍មុន នឹងកើតមានកាន់តែច្រើនថែមទៀតនៅក្នុងពិភពលោកដែលកំពុងឡើងកម្តៅ។

អ្នកនាំពាក្យរបស់អង្គការឧតុនិយមពិភពលោក (WMO) លោកស្រី Clare Nullis បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារ ទី២ ខែធ្នូ ថា «សីតុណ្ហភាពកើនឡើង បានបង្កើនហានិភ័យដែលអាចកើតមាននៃករណីភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ព្រោះតែបរិយាកាសក្តៅជាងមានសំណើម។ ដូច្នេះយើងនឹងមើលឃើញភ្លៀងធ្លាក់ខ្លាំងកាន់តែច្រើន ហើយយើងនឹងបន្តមើលឃើញដូច្នេះនាពេលអនាគត»។

លោកស្រី Nullis ក៏បាននិយាយផងដែរថា ព្យុះស៊ីក្លូនត្រូពិកដែលនៅជិតខ្សែអេក្វាទ័រ គឺកម្រកើតមានណាស់ ដូច្នេះសហគមន៍នានានៅក្នុងតំបន់ទាំងនោះ ពុំសូវបានត្រៀមខ្លួនដើម្បីទប់ទល់នឹងព្យុះភ្លៀងខ្លាំងបែបនេះទេ ដែលបង្កើនផលប៉ះពាល់នៃព្រឹត្តិការណ៍ឧតុនិយម។ ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងប្រទេសស្រីលង្កា ត្រូវបានវាយប្រហារកាលពីសប្តាហ៍មុនដោយភ្លៀងធ្លាក់និងសន្ទុះខ្យល់បក់ខ្លាំង ដែលរារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីបានទៅដល់អ្នកដែលជាប់គាំងខ្លួនដោយំណាក់ដី និងទឹកជំនន់ហក់ឡើងខ្ពស់។