បណ្ដាសមាជិកសភាសហរដ្ឋអាមេរិក ដែលបានព្យាយាមម្តងហើយម្តងទៀតដើម្បីបង្អាក់មិនឱ្យលោកប្រធានាធិបតី Donald Trump វាយប្រហារវ៉េណេស៊ុយអេឡា បាននិយាយកាលពីថ្ងៃអង្គារ (២ ធ្នូ) ថា ពួកគេនឹងដាក់ចេញនូវសេចក្ដីសម្រេចថ្មីមួយ ដើម្បីបង្ខំឱ្យមានការបោះឆ្នោតសភាលើបញ្ហានេះ ប្រសិនបើរដ្ឋបាលបើកការវាយប្រហារលើវ៉េណេស៊ុយអេឡា។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយរបស់សមាជិកសភា ៣រូប មកពីបក្សប្រជាធិបតេយ្យ និងមួយរូបមកពីបក្សសាធារណរដ្ឋ បាននិយាយថា "សកម្មភាពយោធាដែលពុំមានការអនុញ្ញាត ប្រឆាំងនឹងវ៉េណេស៊ុយអេឡា នឹងក្លាយជាកំហុសឆ្គងដ៏ធំធេង និងបង់តម្លៃតបស្នងខ្ពស់ ដែលបង្កហានិភ័យដល់អាយុជីវិតរបស់សមាជិកយោធាអាមេរិក ដោយមិនចាំបាច់"។

សេចក្តីថ្លែងការណ៍នោះបន្តថា "ប្រសិនបើមានការវាយប្រហារកើតឡើងមែន នោះសមាជិកសភានឹងកោះហៅឱ្យមានសេចក្ដីសម្រេចលើអំណាចសង្រ្គាម ដើម្បីបង្ខំឱ្យមានការជជែកដេញដោល និងបោះឆ្នោតនៅក្នុងសភា ដែលនឹងរារាំងការប្រើប្រាស់កងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងអរិភាពប្រឆាំងនឹង ឬនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា"។
គួរឱ្យដឹងថា ភាពតានតឹងក្នុងតំបន់កើនឡើងខ្លាំង ខណៈកងទ័ពអាមេរិក បានធ្វើការវាយប្រហារយ៉ាងតិច ២១លើក លើទូកសង្ស័យដឹកគ្រឿងញៀននៅការ៉ាអ៊ីប និងប៉ាស៊ីហ្វិក ចាប់តាំងពីដើមខែកញ្ញា មក ដែលបានសម្លាប់មនុស្សជាង ៨០នាក់ ដោយលោក Trump បង្កើនសមត្ថភាពយោធា ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolas Maduro៕

