ទីភ្នាក់ងារពាណិជ្ជកម្ម និងការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNCTAD) បាននិយាយក្នុងរបាយការណ៍មួយ ចេញផ្សាយកាលពីថ្ងៃអង្គារ (២ ធ្នូ) ថា កំណើនសេដ្ឋកិច្ចពិភពលោក នឹងថយចុះនៅត្រឹម ២,៦% ក្នុងឆ្នាំ២០២៥ នេះ ដោយធ្លាក់ពីអត្រា ២,៩% កាលឆ្នាំ២០២៤ ដោយសារតែកំណើនសម្ពាធពីភាពប្រែប្រួលផ្នែកហិរញ្ញវត្ថុ និងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ ដែលកំពុងដាក់បន្ទុកលើពាណិជ្ជកម្ម និងការវិនិយោគសកល។

របាយការណ៍ពាណិជ្ជកម្ម និងការអភិវឌ្ឍឆ្នាំ២០២៥ របស់ស្ថាប័ន UNCTAD បានបង្ហាញថា ស្ថានភាពប្រែប្រួលក្នុងទីផ្សារហិរញ្ញវត្ថុ ប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោកស្ទើរតែខ្លាំងដូចទៅនឹងសកម្មភាពសេដ្ឋកិច្ចពិតប្រាកដ ដែលជះឥទ្ធិពលលើការរំពឹងទុកនៃការអភិវឌ្ឍទូទាំងពិភពលោក។
របាយការណ៍បាននិយាយថា ទោះបីជាមានកំណើនសក្តានុពលពីបច្ចេកវិទ្យាថ្មីៗដូចជា បញ្ញាសិប្បនិមិត្ត AI ក៏ដោយ ក៏កំណើនពិភពលោកត្រូវបានព្យាករថា នឹងនៅតែធ្លាក់ចុះក្នុងឆ្នាំ២០២៦ មកត្រឹម ២,៦% ដូចគ្នានឹងអត្រាព្យាករក្នុងឆ្នាំនេះ។
របាយការណ៍បន្តថា សេដ្ឋកិច្ចកំពុងអភិវឌ្ឍ ត្រូវព្យាករថា នឹងកើនឡើង ៤,៣% នៅឆ្នាំ២០២៥នេះ ពោលគឺលឿនជាងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនក្នុងពិភពលោក។ ជាមួយគ្នានេះ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច OECD នៅថ្ងៃដដែល បានព្យាករថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ជាសកល នឹងមានការថយចុះពីអត្រា ៣,២% នៅឆ្នាំ២០២៥ ទៅដល់ ២,៩% នៅឆ្នាំ២០២៦ ៕

