ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Ali Akbar Nazzari ឯកអគ្គរដ្ឋទូត អ៊ីរ៉ង់ ប្រចាំនៅកម្ពុជា។
នៅក្នុងជំនួបនេះឯកឧត្តម Ali Akbar Nazzari បានថ្លែងថា អ៊ីរ៉ង់ និងជម្រុញបើកជើងហោះហើរលក្ខណៈជាត្រីកោណមក ខណៈពលរដ្ឋជាច្រើននៅប្រទេសអ៊ីរ៉ង់ បានចាត់ទុកកម្ពុជា គោលដៅទេសចរណ៍ចម្បងដែលត្រូវមកទស្សនា។
ឯកឧត្តម Ali Akbar Nazzari ថ្លែងថា កាលពីពិភពលោកមិនទាន់ផ្ទុះការរាតត្បាតមេរោគកូវីដ១៩ គឺមានពលរដ្ឋអ៊ីរ៉ង់ជាច្រើនបានមកទស្សនាកម្ពុជា មកធ្វើការងារ ក៏ដូចការវិនិយោគជាច្រើននៅកម្ពុជា ហើយនៅក្រោយស្ថានការណ៍កូវីដ១៩វិញ យើងរំពឹងថាទេសចរអ៊ីរ៉ង់នឹងមកទស្សនាច្រើនដូចធម្មតាវិញ។
ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា នៅពេលបច្ចុប្បន្ន កម្ពុជារៀបចំត្រៀមរួចរាល់ ក្នុងការទទួលទេសចរម៉ូស្លីមមកទស្សនាកម្ពុជា ខណៈនៅពេលបច្ចុប្បន្នកម្ពុជា បានធ្វើការបើកប្រទេសវិញ ដោយមានលើកលែងការធ្វើចត្តាឡីស័ក ករណីធ្វើតេស្តមិនមានករណីវិជ្ជមានកូវីដ១៩។
ឯកឧត្តម ថោង ខុន បន្តថា នៅក្នុងឱកាសដែលកម្ពុជា រៀបចំវេទិការទេសចរណ៍អាស៊ានATF នៅខេត្តព្រះសីហនុ នៅចុងពាក់កណ្តាល ខែមករាឆ្នាំ២០២២នេះ រដ្ឋមន្ត្រីទេសចរណ៍បណ្តាប្រទេសអាស៊ាន បានប្រកាសបើកអាស៊ានវិញ ដោយអនុវត្តតាមគោលការណ៍ណែនាំអាស៊ាន ការចាក់វ៉ាក់សាំង និងការជំរុញការធ្វើដំណើរទេសចរណ៍ពីតំបន់មានសុវត្ថិភាពទៅកាន់គោលដៅទេសចរណ៍ដែលមានសុវត្ថិភាពនានាទៀតនៅក្នុងតំបន់។
នៅក្នុងជំនួបនេះដែរ ឯកឧត្តម Ali Akbar Nazzari ក៏បានឯកភាពគាំទ្រសំណើរឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំ និងមានចុះហត្ថលេខាលើអនុសារណៈកិច្ចព្រមព្រៀងការផ្លាស់ប្តូរវិស័យទេសចរណ៍ រវាងថ្នាក់ដឹកនាំរដ្ឋមន្ត្រីទេសចរណ៍ នៃប្រទេសពីរ កម្ពុជា អ៊ីរ៉ង់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ការវិនិយោគ និងវិស័យទេសចរណ៍៕ អត្ថបទស៊ុម សុខជា