ប្រភពព័ត៌មានពីប៉ាឡេស្ទីនបានឲ្យដឹងថា កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃអង្គារបានដាក់បម្រាមគោចរនៅទីក្រុង Qabatiya ភាគខាងត្បូងទីក្រុង Jenin និងបានបំផ្លាញផ្ទះរបស់អ្នកទោសប៉ាឡេស្ទីនពីរនាក់ ក្នុងអំឡុងធ្វើប្រតិបត្តិការយោធានៅភាគខាងជើងតំបន់ West Bank។

លោក Ali Zakarna សមាជិកក្រុមប្រឹក្សាក្រុង Qabatiya បាននិយាយថា កងទ័ពបានសម្រេច ដាក់បម្រាមគោចរនៅទីក្រុងនេះ «រហូតដល់មានការជូនដំណឹងបន្ថែម»។ លោកបាននិយាយថា កងកម្លាំងអ៊ីស្រាអែល មានវត្តមាននៅក្នុងទីក្រុងនេះរយៈពេលជាច្រើនថ្ងៃមកហើយ ហើយកាលពីព្រឹកថ្ងៃអង្គារបានកាន់កាប់ផ្ទះជាច្រើនខ្នងដើម្បីប្រើប្រាស់ជាប៉ុស្តិ៍យោធាមុនពេលប្រកាសបម្រាមគោចរ និងរឹតត្បិតការធ្វើដំណើររបស់អ្នកស្រុក។

លើសពីនេះ កងកម្លាំងអ៊ីស្រាអែល បានបំផ្លាញផ្ទះរបស់អ្នកទោសប៉ាឡេស្ទីន លោក Abdul Karim Sanoubar និង លោក Ayman Ghanem នៅក្នុងតំបន់ Aqaba និងតំបន់ Zawata ដែលស្ថិតនៅភាគខាងជើងតំបន់ West Bank ។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានឲ្យដឹងថា លោក Sanoubar បានដាក់ឧបករណ៍បំផ្ទុះចំនួនប្រាំគ្រាប់នៅលើរថយន្តក្រុងក្នុងតំបន់ Gush Dan ដែលកំណត់បំផ្ទុះកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈលោកGhanem រួមជាមួយជនប៉ាឡេស្ទីនដទៃទៀត ត្រូវបានគេរាយការណ៍ថាបានធ្វើការបាញ់ប្រហារកាលពីខែសីហា ឆ្នាំ២០២៤ ដោយបានសម្លាប់ជនជាតិអ៊ីស្រាអែលម្នាក់ និងរបួសម្នាក់។