យោងតាមសេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ (ទី២ ខែធ្នូ) បានចុះហត្ថលេខាលើច្បាប់មួយ ដែលជំរុញឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិកពិនិត្យឡើងវិញនូវគោលការណ៍ណែនាំ សម្រាប់ការពាក់ព័ន្ធរបស់ប្រទេសជាមួយកោះតៃវ៉ាន់ ស្របពេលមានក្ដីបារម្ភកាន់តែខ្លាំងឡើង ដែលថា ប្រទេសចិនអាចចាត់វិធានការប្រឆាំងនឹងកោះស្វ័យគ្រប់គ្រងនេះ។

វិធានការនេះតម្រូវឲ្យមានការពិនិត្យឡើងវិញតាមកាលកំណត់របស់ក្រសួងការបរទេស ដើម្បីពន្យល់អំពីរបៀបដែលគោលការណ៍ណែនាំធ្វើឲ្យទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់កាន់តែស៊ីជម្រៅ។ ការវាយតម្លៃដែលទាមទារឲ្យធ្វើយ៉ាងហោចណាស់រៀងរាល់ ៥ឆ្នាំម្តងនេះ ក៏ត្រូវតែកំណត់ និងលម្អិតអំពីឱកាស ក្នុងការលុបចោលការរឹតបន្តឹងកំណត់ដោយខ្លួនឯង ជុំវិញកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់។
តំណាងរាស្ត្រ លោកស្រី Ann Wagner សមាជិកគណបក្សសាធារណរដ្ឋ ប្រចាំរដ្ឋ Missouri ដែលបានគាំទ្រច្បាប់នេះ បាននិយាយថា ច្បាប់នេះ «ផ្ញើសារថា យើងឈរយ៉ាងរឹងមាំ ប្រឆាំងនឹងកិច្ចប្រឹងប្រែងដ៏គ្រោះថ្នាក់របស់ចិន ដើម្បីមានឥទ្ធិពលលើតំបន់នេះ»។
គួរបញ្ជាក់ថា ការចុះហត្ថលេខារបស់លោក Trump កើតឡើងបន្ទាប់ពីមានការជជែកតាមទូរសព្ទ ដែលសមភាគីចិនរបស់លោក គឺលោក Xi Jinping បានរំលឹកឡើងវិញថា ការបង្រួបបង្រួម គឺជាបញ្ហាសំខាន់ សម្រាប់ប្រទេសចិនដែលចាត់ទុកកោះគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ គឺតៃវ៉ាន់ ជាផ្នែកនៃដែនដីរបស់ខ្លួន៕
