រដ្ឋមន្រ្តីការបរទេសអេស្តូនីលោក Margus Tsahkna និយាយមុនជំនួបអង្គការណាតូនៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកនាថ្ងៃពុធនេះថា អេស្តូនី នឹងបញ្ជូនទាហានទៅកាន់អ៊ុយក្រែន បើសិនជាការធានាសន្តិសុខសម្រាប់ប្រទេសមួយនេះ រួមបញ្ចូលទាំងកងកម្លាំងសន្តិសុខ ។
ក្រុមមន្រ្តីការបរទេសអង្គការណាតូ ជួបជុំគ្នានៅទីស្នាក់ការកណ្តាលសម្ព័ន្ធមិត្តយោធាមួយនេះ ស្ថិតក្នុងទីក្រុងព្រុចសែល នាថ្ងៃពុធនេះ ដើម្បីពិភាក្សាអាទិភាពរបស់សម្ព័ន្ធមិត្ត និងបញ្ហាសន្តិសុខ ជាពិសេសបញ្ហាសង្រ្គាមនៅអ៊ុយក្រែន ។

ខណៈពេលនោះដែរ ពេលធ្វើដំណើរមកដល់សម្រាប់ជំនួប រដ្ឋមន្រ្តីការបរទេសឡាតវីលោកស្រី Baiba Braze និយាយថា គ្មាននរណាម្នាក់គួរព្យាយាមទទួលបានលទ្ធផលតាមរយៈកិច្ចប្រជុំសន្តិភាពដែលពួកគេមិនអាចសម្រេចបានលទ្ធផលនៅលើសមរភូមិប្រយុទ្ធនោះឡើយ ។
លោកស្រី Braze និយាយថា ពួកយើងទាំងអស់គ្នានឹងតាមដានព័ត៌មានពីភាគីទីក្រុងមូស្គូ និងពីភាគីទីក្រុងគូវ និងកន្លែងផ្សេងទៀត ។
លោកស្រីបន្តថា រុស្ស៊ីកំពុងព្យាយាមធ្វើឲ្យអន្តរាយដល់ជំហររបស់សហរដ្ឋអាមេរិកនៅលើពិភពលោក រុស្ស៊ីកំពុងព្យាយាមបំបែកបំបាក់អង្គការណាតូ ហើយពួកគេកំពុងព្យាយាមឲ្យខ្លួនឆ្លងកាត់ការចរចាសន្តិភាពទាំងអស់នេះ ។ អ៊ុយក្រែសមទទួលបានសន្តិភាព គឺជាសន្តិភាពដែលយុត្តិធម៌ត្រឹមត្រូវ គឺសន្តិភាពដែលយូរអង្វែង ។
ដោយឡែក រដ្ឋមន្រ្តីការបរទេសន័រវែសលោក Espen Barth Eide បានសន្យាផ្តល់ជំនួយ ៥០០លានអឺរ៉ូ ដើម្បីទិញអាវុធសម្រាប់អ៊ុយក្រែន តាមរយៈគំនិតផ្តួចផ្តើមអង្គការណាតូ ដើម្បីផ្គត់ផ្គង់អាវុធដល់ទីក្រុងគីវដែលទិញពីសហរដ្ឋអាមេរិក ៕
