លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃអង្គារបាននិយាយថា ប្រទេសណាមួយដែលជួញដូរគ្រឿងញៀនខុសច្បាប់ចូលទៅក្នុងសហរដ្ឋអាមេរិក អាចនឹងត្រូវវាយប្រហារ។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមាន បន្ទាប់ពីបានលើកឡើងពីបញ្ហាកូកាអ៊ីនពីប្រទេសកូឡុំប៊ីថា៖«អ្នកណាដែលកំពុងធ្វើបែបនោះ ហើយលក់វាចូលទៅក្នុងប្រទេសរបស់យើង គឺត្រូវរងការវាយប្រហារ»។ ប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro បានឆ្លើយ តបទៅលោក ត្រាំ វិញ នៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គម X ដោយអះអាងថា ប្រទេសអាមេរិកខាងត្បូងបំផ្លាញមន្ទីរពិសោធន៍ផលិតគ្រឿងញៀនរៀងរាល់ ៤០នាទីម្តង «ដោយពុំចាំបាច់ប្រើប្រាស់មីស៊ីល»។

លោក ត្រាំ បានចាប់ផ្តើមការវាយលុកលើទូកដែលត្រូវបានសង្ស័យថា ជួញដូរគ្រឿងញៀននៅក្នុងតំបន់ការ៉ាអ៊ីប និងប៉ាស៊ីហ្វិក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយបានសម្លាប់មនុស្សរាប់សិបនាក់ តាមរយៈការវាយប្រហារដោយមីស៊ីលដែលកំណត់គោលដៅ។
កងកម្លាំងយោធាអាមេរិកបានបង្កើតឡើងនៅក្នុងតំបន់ការ៉ាអ៊ីប ដោយភាពតានតឹងបានកើនឡើងរវាងលោក ត្រាំ និងលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ប្រធានាធិបតីនៃប្រទេសវ៉េណេស៊ុយអេឡា ដែលមានព្រំប្រទល់ជាប់ប្រទេសកូឡុំប៊ី។
រដ្ឋបាលលោក ត្រាំ ចោទប្រកាន់លោក ម៉ាឌូរ៉ូ ថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់គ្រឿងញៀនខុសច្បាប់ ដែលបានសម្លាប់ជនជាតិអាមេរិក ដែលលោក ម៉ាឌូរ៉ូ បានបដិសេធ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ លោក ត្រាំ បានបង្ហាញពីលទ្ធភាពនៃអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។
កាលពីថ្ងៃអង្គារ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសណាមួយដែលកំពុងបញ្ជូនគ្រឿងញៀនខុសច្បាប់ចូលទៅសហរដ្ឋអាមេរិក អាចនឹងត្រូវវាយប្រហារតាមផ្លូវគោក «មិនមែនតែប្រទេសវ៉េណេស៊ុយអេឡានោះទេ»៕
