ក្រសួងការបរទេសជប៉ុន បាននិយាយថា ប្រទេសនេះ នឹងផ្តល់ជំនួយឥតសំណងចំនួន ៤ ពាន់លានយ៉េន (ប្រហែល ២៥ លានដុល្លារ) សម្រាប់ការបោសសម្អាតមីន និងជំនួយផ្នែកវេជ្ជសាស្រ្ត ដោយបន្ថែមថា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំអ៊ុយក្រែន លោក Masashi Nakagome និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក Igor Klimenko បានផ្លាស់ប្តូរឯកសារលើបញ្ហានេះ។
ប្រទេសជប៉ុនមានបំណងជួយទីក្រុងគីវ ក្នុងការបោសសម្អាតមីន ការផ្តល់ឧបករណ៍ និងការរៀបចំព្រឹត្តិការណ៍អប់រំ ដោយនិយាយអំពីបច្ចេកវិទ្យារបស់ជប៉ុន។

នាពេលកន្លងទៅ ប្រទេសជប៉ុនបានផ្តល់ជំនួយដល់អ៊ុយក្រែនក្នុងការបោសសម្អាតមីន។ ប្រទេសនេះ បានប្រគល់ឧបករណ៍រាវរកគ្រាប់មីនទំនើប (ALIS)ចំនួន ៤គ្រឿង ដែលជួយស្វែងរកមីនដោយភាពត្រឹមត្រូវកម្រិតខ្ពស់ និងឧបករណ៍រាវរកលោហៈចំនួន ៥០គ្រឿង។ ក្រសួងការពារជាតិជប៉ុន បានបញ្ជូនវិស្វករជំនាញបច្ចេកទេសពីរនាក់ ទៅកាន់ប្រទេសលីទុយអានី ជាកន្លែងដែលពួកគេ នឹងចូលរួមក្នុងការបណ្តុះបណ្តាលទាហានអ៊ុយក្រែន៕
