រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់ឯករាជ្យភាពដែនដីអ៊ុយក្រែនគ្រប់គ្រងដោយក្រុមឧទ្ទាម នៅក្នុងសុន្ទរកថារបស់លោកទៅកាន់ប្រជាជាតិកាលពីល្ងាចថ្ងៃចន្ទ។ ការថ្លែងនេះត្រូវបានធ្វើឡើង បន្ទាប់ពីលោកបានអំពាវនាវកាលពីថ្ងៃចន្ទឲ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ដើម្បីពិភាក្សាអំពីសំណើរបស់សាធារណរដ្ឋដែលប្រកាសខ្លួនឯង។

កិច្ចប្រជុំបានធ្វើឡើងក្នុងពេលមានការប៉ះទង្គិចគ្នានៅក្នុងតំបន់ Donetsk ដែលប្រទេសលោកខាងលិចជឿថា រុស្ស៊ីអាចប្រើជាលេសសម្រាប់ការវាយលុកប្រទេសអ៊ុយក្រែន។ មន្ត្រីកំពូលរុស្ស៊ីបានគាំទ្រចំពោះការទទួលស្គាល់ឯករាជ្យភាពនៃតំបន់បំបែកខ្លួន ទោះបីជាមានមន្ត្រីមួយចំនួនបានស្នើថា លោក ពូទីន កុំទាន់ទទួលស្គាល់តំបន់នេះភ្លាមៗ។ ដោយមានកងទ័ពរុស្ស៊ីប្រមាណ ១៥០.០០០នាក់ត្រូវបានដាក់ពង្រាយនៅជិតព្រំដែនអ៊ុយក្រែន សហរដ្ឋអាមេរិកបានព្រមានថា ទីក្រុងមូស្គូបានសម្រេចឈ្លានពានរួចហើយ។ ទោះយ៉ាងណា ប្រធានាធិបតីអាមេរិក និងរុស្ស៊ីបានព្រមព្រៀងឲ្យមានជំនួបដែលអាចធ្វើទៅបាន ក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីដើម្បីបញ្ចៀសសង្គ្រាម។ សកម្មភាពក្នុងការទទួលស្គាល់តំបន់នេះនឹងជំរុញឱ្យមានភាពតានតឹងបន្ថែមទៀត ចាប់តាំងពីទីក្រុងមូស្គូអាចប្រើប្រាស់វាដើម្បីបញ្ជូនកងទ័ព និងអាវុធដោយបើកចំហទៅទីនោះ។ រហូតមកដល់ពេលនេះ ប្រទេសអ៊ុយក្រែន និងប្រទេសលោកខាងលិចបានចោទប្រកាន់រុស្ស៊ីថា បានគាំទ្រក្រុមបំបែកខ្លួន ប៉ុន្តែទីក្រុងមូស្គូបានបដិសេធថា ជនជាតិរុស្ស៊ីដែលបានប្រយុទ្ធនៅទីនោះគឺជាអ្នកស្ម័គ្រចិត្ត។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់ឯករាជ្យភាពនៃតំបន់បំបែកខ្លួននៅភាគខាងកើតអ៊ុយក្រែន និងបានចុះហត្ថលេខាលើក្រឹត្យទទួលស្គាល់ជាមួយសាធារណរដ្ឋដែលប្រកាសខ្លួនឯង៕
អត្ថបទ៖ ប៊ុនថន