នាវាកម្សាន្តដឹកភ្ញៀវទេសចរជាង ២ពាន់នាក់ បានធ្វើដំណើរមកដល់ទីក្រុង Colombo ប្រទេសស្រីលង្កាកាលពីថ្ងៃអង្គារ បើទោះបីជាមានការខូចខាតទ្រង់ទ្រាយធំនៅប្រទេសកោះមួយនេះក៏ដោយ ដោយសារព្យុះស៊ីក្លូន Ditwah កាលពីរយៈពេល ១សប្តាហ៍កន្លងទៅ ។
នាវាកម្សាន្ត Mein Schiff 6 ដឹកភាគច្រើនជាភ្ញៀវទេសចរអាល្លឺម៉ង់ បានចូលចតកំពង់ផែក្រុង Colombo ហើយអ្នកដំណើរ ១.៦០០នាក់ បានចុះពីលើនាវា និងបានចូលរួមដំណើរកម្សាន្តរយៈពេល ១ថ្ងៃនៅជុំវិញប្រទេសកោះមួយនេះ ។

ក្រុមប្រឹក្សាទេសចរណ៍ស្រីលង្កា និយាយថា ការមកដល់របស់នាវា Mein Schiff 6 បង្ហាញសញ្ញាយ៉ាងច្បាស់ក្រឡែតដល់ពិភពលោកថា ស្រីលង្កាសុវត្ថិភាព ត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវជាថ្មីម្តងទៀត ។
រដ្ឋមន្រ្តីការបរទេសស្រីលង្កាលោក Vijitha Herath បានធ្វើដំណើរទៅកាន់នាវានេះផងដែរ ដើម្បីជួបជជែកគ្នាលេងជាមួយភ្ញៀវទេសចរ ។
សូមបញ្ជាក់ថា មនុស្សយ៉ាងហោច ៤០១នាក់ បានស្លាប់មកទល់នឹងពេលនេះ ក្រោយព្យុះស៊ីក្លូន Ditwah វាយប្រហារស្រីលង្កាកាលពីសប្តាហ៍មុន ហើយនិងបង្កឲ្យកើតមានបំណាក់ដី និងទឹកជំនន់ គឺជាគ្រោះមហន្តរាយធម្មជាតិមួយដែលលោកប្រធានាធិបតី Anura Kumara Dissanayake ចាត់ទុកថាជាការលំបាកខ្លាំងបំផុត និងធំបំផុតនៅក្នុងប្រវត្តិសាស្រ្តស្រីលង្កា ៕
