បាល់ទាត់៖ ក្រុមការពារតំណែងជើងឯកតោខៀវ Chelsea នឹងត្រូវជួបជាមួយក្រុមបារាំង Lille ជើងទី១ វគ្គ ១៦ក្រុមចុងក្រោយរាត្រីនេះនៃក្របខណ្ឌ UEFA Champions League។ ខ្សែបម្រើអង់គ្លេស Mason Mount ទំនងជាអវត្តមានការប្រកួតនេះដោយសាររបួសកជើង ដែលបន្សល់ពីព្រឹត្តិការណ៍ FIFA Club World Cup នៅអារ៉ាប់រួមកាលពីដើមខែ។

ក្រៅពី Mason Mount ក្រុមរបស់លោក Thomas Tuchel ក៏នឹងមិនមានវត្តមាន Callum Hudson-Odoi, Reece James និង Ben Chilwell ផងដែរដោយពួកគេសុទ្ធតែមានបញ្ហារបួស តែខ្សែការពារវ័យចំណាស់អេស្ប៉ាញ Cesar Azpilicueta អាចចូលលេងបាន។ Chelsea មកដល់វគ្គនេះជាក្រុមលេខ២ ក្នុងពូល H ពីក្រោមសេះបង្កង់ Juventus ខណៈក្រុមជើងឯកបារាំង Lille កំពុងយ៉ាប់យ៉ឺនរដូវកាលនេះនៅក្របខណ្ឌបារាំង Ligue 1 ដោយកំពុងឈរលេខ ១១។
ខ្សែប្រយុទ្ធជួរមុខរបស់ Lille គឺកីឡាករទួកគី Burak Yilmaz ដែលជាកីឡាករសំខាន់នាំ Lille លើកពាន Ligue 1 រដូវកាលមុនគួរឱ្យភ្ញាក់ផ្អើល តែរដូវកាលនេះ Yilmaz មិនទាន់ស៊ុតបញ្ចូលទីបានឡើយនៅក្នុងឆ្នាំ២០២២ នេះ ខណៈខ្សែប្រយុទ្ធមួយរូបទៀតសញ្ជាតិកាណាដា Jonathan David មានទំរង់លេងល្អជាង។ កីឡាករវ័យ ២២ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន ១២គ្រាប់ហើយរដូវកាលនេះឱ្យ Lille ដែលរួមមាន ៣គ្រាប់នៅ UCL បីប្រកួតចុងក្រោយ។ រំលឹកថា ក្រុមទាំងពីរក៏មានប្រវត្តិជួបគ្នាដែរកន្លងមកនៅក្របខណ្ឌ UEFA Champions League កាលពីឆ្នាំ២០១៩ ដោយ Chelsea ឈ្នះ ២-១ ទាំងទៅទាំងមក៕
អត្ថបទ៖នាង សុភាវុធ