ប្រទេសអ៊ីស្រាអែល នៅថ្ងៃពុធ (ទី៣ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា ខ្លួននឹងបើកច្រកឆ្លងកាត់ Rafah ពីតំបន់ហ្កាហ្សា ទៅអេហ្ស៊ីប ដើម្បីអនុញ្ញាតឲ្យអ្នកស្រុកចាកចេញពីដែនដីប៉ាឡេស្ទីន «នៅប៉ុន្មានថ្ងៃខាងមុខ»។
តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន COGAT ដែលជាស្ថាប័នក្រសួងការពារជាតិអ៊ីស្រាអែលទទួលបន្ទុកកិច្ចការស៊ីវិល ក្នុងដែនដីប៉ាឡេស្ទីន បានឲ្យដឹងថា៖ «ដោយអនុលោមតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ច្រកឆ្លងកាត់ Rafah Crossing នឹងបើកដំណើរការ នៅប៉ុន្មានថ្ងៃខាងមុខនេះ សម្រាប់ការចាកចេញរបស់អ្នកស្រុក ពីតំបន់ហ្កាហ្សាទៅកាន់ប្រទេសអេហ្ស៊ីប»។

COGAT បានបន្ថែមថា ច្រកឆ្លងកាត់នេះ នឹងដំណើរការក្រោមការត្រួតពិនិត្យនៃបេសកកម្មជំនួយព្រំដែនរបស់សហភាពអឺរ៉ុប (EU) ដោយ «ស្រដៀងទៅនឹងយន្តការដែលបានដំណើរការក្នុងខែមករា ឆ្នាំ២០២៥» ជាពេលដែលច្រកឆ្លងកាត់ត្រូវបានបើករយៈពេលខ្លី ក្នុងអំឡុងពេលមានបទឈប់បាញ់រយៈពេល ៦សប្តាហ៍។
ប្រភពការទូតអ៊ឺរ៉ុបចំនួន ២ បានប្រាប់សារព័ត៌មានថា ដំបូងឡើយពួកគេកំពុងរៀបចំឲ្យបើកច្រកឆ្លងកាត់ សម្រាប់អ្នកថ្មើរជើង នៅថ្ងៃទី១៤ ខែតុលា បន្ទាប់ពីមានការប្រកាសស្រដៀងគ្នានេះ មុនពេលការបើកត្រូវបានពន្យារពេល។
ការបើកច្រកឆ្លងកាត់ Rafah ឡើងវិញនេះ គឺជាផ្នែកមួយនៃផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់ដែនដីប៉ាឡេស្ទីន ក៏ដូចជាអ្វីដែលទីភ្នាក់ងារអង្គការសហប្រជាជាតិ និងស្ថាប័នមនុស្សធម៌ផ្សេងទៀត បានអំពាវនាវជាយូរមកហើយ៕
