មន្ត្រីអង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) បានអង្វរសុំឲ្យប្រទេសនានាបើកទទួលអ្នកស្រុកហ្កាហ្សារាប់ម៉ឺននាក់ដែលត្រូវការការជម្លៀសយ៉ាងខ្លាំង ដើម្បីព្យាបាល ដោយព្រមានថា មនុស្សរាប់រយនាក់ បានស្លាប់រួចហើយ អំឡុងពេលរង់ចាំ។
អ្នកសម្របសម្រួលការជម្លៀសផ្នែកវេជ្ជសាស្រ្ត ពីតំបន់ហ្កាហ្សា សម្រាប់អង្គការសប្បុរសធម៌ដែលត្រូវស្គាល់ដោយអក្សរកាត់ជាភាសាបារាំង MSF គឺលោកវេជ្ជបណ្ឌិត Hani Isleem បានប្រាប់ឲ្យដឹងថា «តម្រូវការពិតជាធំធេងណាស់»។

នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារ (ទី២ ខែធ្នូ) លោកវេជ្ជបណ្ឌិត Isleem បានប្រាប់ថា តួលេខដែលប្រទេសនានា បានទទួលយកមកទល់ពេលនេះ «គ្រាន់តែជាកម្រិតដ៏តិចបំផុតនៃចំនួនពិតប្រាកដប៉ុណ្ណោះ»។
អង្គការសុខភាពពិភពលោក (WHO) បានប៉ាន់ប្រមាណថា អ្នកជំងឺជាង ៨.០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ហ្កាហ្សា ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងបន្ទាប់ពីមានការវាយប្រហាររបស់ក្រុមហាម៉ាស នៅអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ហើយស្ថាប័ននេះបន្ថែមថា អ្នកជំងឺជាង ១៦.៥០០នាក់ នៅតែត្រូវការការព្យាបាលនៅខាងក្រៅដែនដីប៉ាឡេស្ទីន។
អំឡុងពេលនិយាយ នៅឯទីស្នាក់ការកណ្តាលរបស់ MSF ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បន្ទាប់ពីបានអមដំណើរកុមារទៅពីតំបន់ហ្កាហ្សា ដែលឈឺធ្ងន់ និងរងរបួសទៅកាន់ប្រទេសស្វីស ដើម្បីព្យាបាល លោកវេជ្ជបណ្ឌិត Isleem បានបញ្ជាក់ថា ចំនួននេះគឺផ្អែកលើតែអ្នកជំងឺដែលបានចុះឈ្មោះ សម្រាប់ការជម្លៀសវេជ្ជសាស្រ្តប៉ុណ្ណោះ ហើយតួលេខពិត គឺខ្ពស់ជាងនេះ៕


