ថៃ៖ ប្រទេសថៃបានបង្កើនកម្រិតប្រកាសអាសន្នវីរុស COVID-19 របស់ខ្លួនដល់កម្រិតខ្ពស់បំផុតទីពីរ បន្ទាប់ពីការកើនឡើងចំនួនអ្នកឆ្លងថ្មីទាក់ទងនឹងការរាលដាលវីរុសបំប្លែងខ្លួនថ្មី Omicron។

ក្រសួងសុខាភិបាលបានបង្កើនកម្រិតប្រកាសអាសន្នករណីឆ្លងវីរុស COVID-19 ពីកម្រិត ៣ ទៅកម្រិតទី៤ ជាកម្រិតដែលរួមមានវិធានការហាមមិនឲ្យទទួលទានអាហារ ឬគ្រឿងស្រវឹងនៅភោជនីយដ្ឋាន និងបញ្ចៀសការជួបជុំជាសាធារណៈដើម្បីទប់ស្កាត់ការរាលដាលវីរុស COVID-19។ ក្រសួងរំពឹងថា ចំនួននៃការឆ្លងថ្មីនឹងបន្តកើនឡើងក្នុងរយៈពេលមួយ ឬពីរសប្ដាហ៍ខាងមុខដោយសារតែការរាលដាលយ៉ាងឆាប់រហ័សនៃវីរុសបំប្លែងខ្លួនថ្មី Omicron ដែលបច្ចុប្បន្នមានច្រើនជាង ៩០% នៃករណីសកម្ម។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពវីរុស COVID-19 (CCSA) បានឲ្យដឹងថា ថៃបានរាយការណ៍ពីករណីថ្មីចំនួន ១៨,៣៦៣ករណី និងអ្នកស្លាប់បន្ថែមចំនួន ៣៥នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដែលបង្កើនចំនួនអ្នកឆ្លងសរុបដល់ ២.៧៤៩,៥៦១ករណី និងអ្នកស្លាប់ ២២,៦៩១នាក់។
ក្រសួងបានណែនាំដល់សាធារណជនឱ្យចាក់វ៉ាក់សាំងដូសជំរុញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជាពិសេសអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ឬមានជំងឺប្រចាំកាយ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពវីរុស COVID-19 បាននិយាយថា គិតត្រឹមថ្ងៃអាទិត្យ ៧១.១% នៃចំនួនប្រជាជនជិត ៧០លាននាក់របស់ប្រទេសថៃបានចាក់វ៉ាក់សាំងបង្ការវីរុសពេញលេញ ខណៈ ២៧.៥% បានចាក់វ៉ាក់សាំងដូសជំរុញ៕
អត្ថបទ៖ ប៊ុនថន