ប្រភពនៅស្និតនឹងកិច្ចប្រជុំនេះ និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា ក្រុមតំណាងស៊ីវិលលីបង់ និងអ៊ីស្រាអែល មាននូវជំនួបដោយផ្ទាល់ជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ នៅថ្ងៃពុធ ដែលជាផ្នែកមួយនៃយន្តការតាមដានបទឈប់បាញ់រយៈពេល ១ឆ្នាំ នៅក្នុងសង្រ្គាមជាមួយក្រុមជីវពលហេសបូឡា ។
ប្រភពបន្តថា ជំនួបនេះ បានធ្វើឡើងនៅទីស្នាក់ការកណ្តាលកងកម្លាំងថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ(UN) ស្ថិតក្នុងទីក្រុង Naqura របស់លីបង់ ជិតព្រំដែនអ៊ីស្រាអែល ដែលជាផ្នែកមួយនៃយន្តការត្រួតពិនិត្យបទឈប់បាញ់ដែលបានចូលជាធរមានកាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ ។

ប្រភពនិយាយទៀតថា អ្នកស្រី Morgan Ortagus ដែលជាប្រេសិតពិសេសសហរដ្ឋអាមេរិកប្រចាំនៅលីបង់ បានចូលរួមជំនួបនៅថ្ងៃពុធនេះផងដែរ ។ សហរដ្ឋអាមេរិកបានដាក់សម្ពាធលីបង់ឲ្យរំសាយអាវុធក្រុមហេសបូឡា ។
ការចូលរួមជំនួបរបស់អ្នកស្រី Ortagus បានកើតមានឡើងរយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយដំណើរទស្សនកិច្ចរបស់អ្នកស្រីទៅកាន់ទីក្រុងហ្សេរុយសាឡឹម ជាទីដែលអ្នកស្រីបានជួបរដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែលលោក Gideon Saar ។ សារព័ត៌មានអ៊ីស្រាអែលរាយការណ៍ថា អ្នកស្រីបានជួបជាមួយនាយរដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ផងដែរ ។
សហរដ្ឋអាមេរិក បានជំរុញឲ្យមានជំនួបដោយផ្ទាល់រវាងប្រទេសជិតខាងទាំង ២ ដើម្បីធ្វើឲ្យមានស្ថិរភាពក្នុងតំបន់ និងធ្វើក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ថមថយកម្លាំងបន្ថែមទៀត ៕
