សហភាពអឺរ៉ុប (EU) នៅថ្ងៃពុធ (ទី៣ ខែធ្នូ) បានចេញការណែនាំថ្មី សម្រាប់ការស្នើសុំសិទ្ធិជ្រកកោនរបស់ពលរដ្ឋស៊ីរីដែលឆ្លុះបញ្ចាំងពីស្ថានភាពថ្មី នៅក្នុងប្រទេសស៊ីរី ពោលគឺ ១ឆ្នាំបន្ទាប់ពីការដួលរលំនៃរបបរបស់លោក Bashar al-Assad។ ការផ្លាស់ប្តូរនេះអាចមានផលលើសំណើសុំសិទ្ធិជ្រកកោនរបស់ប្រជាជនស៊ីរីប្រមាណជា ១១០.០០០នាក់ដែលនៅតែកំពុងរង់ចាំការសម្រេចលើការសុំសិទ្ធិជ្រកកោន កាលពីចុងខែកញ្ញា។
ទីភ្នាក់ងារ EU ទទួលបន្ទុកការសុំសិទ្ធិជ្រកកោន បានឲ្យដឹងថា គូប្រជែងរបស់លោក al-Assad និងអ្នកគេចវេសពីការចូលបម្រើយោធា «លែងមានហានិភ័យពីការធ្វើទុក្ខបុកម្នេញទៀតហើយ»។ ប៉ុន្តែទីភ្នាក់ងារនេះ បានបញ្ជាក់ថា ក្រុមផ្សេងទៀតអាចត្រូវបានចាត់ទុកថា មានហានិភ័យនៅស៊ីរី ក្រោយរបបរបស់លោក al-Assad ក្នុងនោះរួមទាំងមនុស្សដែលមានទំនាក់ទំនងជាមួយអតីតរដ្ឋាភិបាល និងជនជាតិភាគតិចផ្សេងៗផងដែរ។
ទោះបីជាការសម្រេចលើពាក្យសុំសិទ្ធិជ្រកកោន ត្រូវបានធ្វើឡើងនៅថ្នាក់ជាតិក៏ដោយ ក៏ការណែនាំរបស់ទីភ្នាក់ងារនេះ ត្រូវបានប្រើ ដើម្បីជូនដំណឹងដល់រដ្ឋសមាជិកចំនួន ២៧ របស់ EU ក៏ដូចជាន័រវ៉ែស និងស្វីសផងដែរ។ គោលដៅគឺដើម្បីបង្កើតភាពស៊ីសង្វាក់គ្នាកាន់តែខ្លាំង រវាងប្រទេសទាំង ២៩ ដែលផ្តល់ការការពារជាអន្តរជាតិ។
គួរបញ្ជាក់ថា ចំនួនប្រជាជនស៊ីរីដែលស្នើសុំសិទ្ធិជ្រកកោន បានធ្លាក់ចុះយ៉ាងខ្លាំង ពី ១៦.០០០នាក់ ក្នុងខែតុលា ឆ្នាំ២០២៤ មុនពេលការដួលរលំនៃរបបរនស់លោក al-Assad មកត្រឹម ៣.៥០០នាក់ ក្នុងខែកញ្ញា ឆ្នាំ២០២៥។ តែយ៉ាងណាក្ដី ប្រជាជនស៊ីរីមានចំនួនករណីច្រើនជាងគេដែលរង់ចាំការសម្រេច ក្នុងដំណើរការត្រួតពិនិត្យដំបូង៕