ក្រុមសិទ្ធិមនុស្សលើកលែងទោសអន្តរជាតិ បានអំពាវនាវឲ្យមានការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមចំពោះការវាយប្រហាររបស់កងកម្លាំងគាំទ្ររហ័ស(RSF) លើជំរំជនភៀសខ្លួន ស្ថិតក្នុងរដ្ឋ North Darfur ប្រទេសស៊ូដង់ កាលពីដើមឆ្នាំនេះ ។
របាយការណ៍ចេញដោយអង្គការក្រៅរដ្ឋាភិបាលនៅថ្ងៃពុធនេះ រកឃើញអំពើឃោឃៅប្រព្រឹត្តដោយកងកម្លាំង RSF អំឡុងការវាយប្រហារទ្រង់ទ្រាយធំរបស់ពួកគេលើជំរំ Zamzam ។
កងកម្លាំង RSFរងការចោទប្រកាន់ថា បានសម្លាប់មនុស្សពុំរើសមុខ និងចាប់រំលោភសេពសន្ថវៈទ្រង់ទ្រាយធំ នៅក្នុងចំណោមឧក្រិដ្ឋកម្មផ្សេងទៀត ស្របពេលជម្លោះជាមួយកងទ័ពស៊ូដង់ បន្តចាប់តាំងពី ខែមេសា ឆ្នាំ ២០២៣រហូតមក ។
ការវាយប្រហារលើជំរំជនភៀសខ្លួនជួបគ្រោះទុរ្ភិក្សនេះ បានកើតមាន ពេលដែលទាហានប៉ារ៉ា ធ្វើការឡោមព័ទ្ធទីក្រុង el-Fasher ដែលជារដ្ឋធានីរបស់រដ្ឋ North Darfur ។ បច្ចុប្បន្ន កងកម្លាំង RSF គ្រប់គ្រងបានទាំងស្រុងរដ្ឋមួយនេះ ហើយពួកគេកំពុងរុលទៅទិសខាងកើត ទៅកាន់តំបន់ភាគកណ្តាល West Kordofan ។
យោងតាមរបាយការណ៍ បានឲ្យដឹងថា ការវាយប្រហារលើជំរំ Zamzam ដែលជាជំរំធំបំផុតសម្រាប់ពលរដ្ឋជម្លៀសខ្លួននៅរដ្ឋ North Darfur ចន្លោះថ្ងៃទី ១១ និងថ្ងៃទី ១៣ ខែមេសា គេមើលឃើញយុទ្ធជនកងកម្លាំង RSF ដាក់ពង្រាយគ្រឿងផ្ទុះនៅតាមតំបន់ដែលមានមនុស្សរស់នៅច្រើន និងបាញ់ប្រហារពុំរើសមុខលើតំបន់រស់នៅរបស់អ្នកស្រុក ។
ឯកសារនេះលម្អិតពីករណីវាយប្រហារស្លាប់មនុស្សជាច្រើនលើជនស៊ីវិល ក្នុងនោះសាក្សី បានរំឭកការមើលឃើញក្រុមយុទ្ធជន RSF បាញ់សម្លាប់ជនស៊ីវិលយ៉ាងហោច ៤៧នាក់ ដែលលាក់ខ្លួននៅក្នុងផ្ទះរបស់ពួកគេ រត់ភៀសខ្លួនចេញពីអំពើហិង្សា ឬជ្រកកោននៅក្នុងព្រះវិហារ ៕