ការហក់ឡើងខ្ពស់ករណីឆ្លងជំងឺកញ្ជ្រឹលនៅសហរដ្ឋអាមេរិក កំពុងបង្កក្តីបារម្ភយ៉ាងខ្លាំងសម្រាប់អ្នកដំណើរ ស្របពេលរដូវកាលវិស្សមកាលដ៏មមាញឹក ចាប់ផ្តើម ។
លោកស្រីវេជ្ជបណ្ឌិត Rebecca Sunenshine គឺជាប្រធានវេជ្ជសាស្រ្តនៅសាកលវិទ្យាល័យសង្កេតសុខភាព(CDC) រដ្ឋ Arizona និយាយថា រាល់ពេលដែលអ្នកមើលឃើញមនុស្សធ្វើដំណើរពីសហគមន៍មួយទៅកាន់សហគមន៍មួយទៀត ដើម្បីទៅលេងសាច់ញាតិ បងប្អូន មិត្តភ័ក្តិរបស់ពួកគេ អំឡុងថ្ងៃបុណ្យ Thanksgiving និងថ្ងៃឈប់សម្រាកនារដូវកាលវិស្សមកាល អ្នកនឹងមើលឃើញជំងឺរីករាលដាលកាន់តែខ្លាំង មិនថាជាជំងឺផ្តាសាយ ឬជំងឺកញ្ជ្រឹលនោះទេ ។
លោកស្រី Sunenshine និយាយថា មាននូវករណីឆ្លងជំងឺកញ្រ្ជឹលជិត ១.៨០០នាក់ ត្រូវបានរាយការណ៍ប្រាប់ CDC ក្នុងឆ្នាំនេះ ធ្វើឲ្យវាស្ថិតក្នុងចំណោមករណីឆ្លងខ្ពស់បំផុតដែលពួកគេធ្លាប់មើលឃើញ ចាប់តាំងពីវ៉ាក់សាំងបង្ការជំងឺកញ្រ្ជឹល ត្រូវបានដាក់ឲ្យប្រើប្រាស់ អំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ ។ ករណីឆ្លងនេះ គាប់ជួននឹងពេលដែលមានការធ្លាក់ចុះចំនួនមនុស្សទទួលវ៉ាក់សាំងបង្ការជំងឺកញ្រ្ជឹល ។
លោកស្រីបន្តថា ពួកយើងពុំបានដឹងពីមូលហេតុដែលនាំឲ្យអត្រាទទួលវ៉ាក់សាំងធ្លាក់ចុះនោះទេ ប៉ុន្តែពួកយើងដឹងថា មាននូវព័ត៌មានមិនពិតច្រើនណាស់ ពីវ៉ាក់សាំង ។
លោកស្រី Sunenshine និយាយទៀតថា វ៉ាក់សាំង MMR ស្ថិតក្នុងចំណោមវ៉ាក់សាំងដ៏មានប្រសិទ្ធិភាពបំផុតដែលពួកយើងមាន ។ ២ដូស ពួកគេនឹងត្រូវការពារបាន ៩៨ភាគរយពីការឆ្លងជំងឺកញ្រ្ជឹល បើសិនជាអ្នកប៉ះពាល់ជាមួយអ្នកកើតជំងឺកញ្រ្ជឹល ។
លោកស្រីណែនាំឲ្យទទួលដូសវ៉ាក់សាំង យ៉ាងហោចរយៈពេល ២សប្តាហ៍មុនការធ្វើំដំណើរ ពីព្រោះថា វាត្រូវការពេល ២សប្តាហ៍ ដើម្បីបង្កើតភាពស៊ាំប្រឆាំងនឹងជំងឺកញ្រ្ជឹល ៕