សហភាពអឺរ៉ុប៖ ប្រធានគោលនយោបាយសហភាពអឺរ៉ុបបាននិយាយថា សមាជិកសហភាពអឺរ៉ុបបានព្រមព្រៀងលើកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ដែលមានបំណងបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរដល់ប្រទេសរុស្ស៊ី បន្ទាប់ពីការទទួលស្គាល់តំបន់ផ្ដាច់ខ្លួនចំនួន ២ នៅក្នុងប្រទេសអ៊ុយក្រែន។
លោក Josep Borrell បាននិយាយកាលពីថ្ងៃអង្គារថា សមាជិកសហភាពអឺរ៉ុបទាំង ២៧ប្រទេសបានយល់ព្រមជាឯកច្ឆន្ទលើវិធានការនានា នៅឯកិច្ចប្រជុំក្រៅផ្លូវការមួយក្នុងទីក្រុងប៉ារីសក្រៅវេទិកាអន្តរជាតិ។ ទណ្ឌកម្មទាំងនោះក៏នឹងត្រូវដាក់ផងដែរលើក្រុមសមាជិកសភារុស្ស៊ី ដែលគាំទ្រឲ្យមានការទទួលស្គាល់តំបន់ផ្ដាច់ខ្លួនជាតំបន់ឯករាជ្យ ដែលជាការសម្រេចចិត្តប្រកាសឡើងដោយលោកប្រធានាធិបតី Vladimir Putin កាលពីថ្ងៃច័ន្ទ។ ថ្លែងនៅឯសន្និសីទសារព័ត៌មានជាមួយរដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian លោក Borrell បាននិយាយថា ទណ្ឌកម្មទាំងនោះនឹងប៉ះពាល់ដល់រុស្ស៊ី ហើយប៉ះពាល់ខ្លាំងទៀតផង។
លោកបានបន្ថែមថា គោលដៅនានាសម្រាប់ការបង្កកទ្រព្យសម្បត្តិ និងបម្រាមលើ visa ឬទិដ្ឋាការ បានរួមបញ្ចូលទាំង សមាជិកចំនួន ៣៥១នាក់នៃសភាដូមា ដែលជាសភាជាន់ទាបរបស់រុស្ស៊ី ដែលបានអំពាវនាវឲ្យលោក Putin ទទួលស្គាល់តំបន់២ គឺ Donetsk និង Luhansk នៅក្នុងប្រទេសអ៊ុយក្រែន ជាតំបន់ឯករាជ្យ៕
អត្ថបទ៖ សុខមាន