អ៊ីស្រាអែលបានទទួលសាកសពអ្វីដែលអាចជាចំណាប់ខ្មាំងចុងក្រោយម្នាក់នៅក្នុងតំបន់ហ្កាហ្សាកាលពីថ្ងៃពុធ៣ធ្នូសប្ដាហ៍នេះ ហើយនិយាយថាខ្លួននឹងចាប់ផ្តើមអនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីនចាកចេញពីទឹកដីដែលហែកហួរដោយសង្គ្រាមតាមរយៈច្រកឆ្លងកាត់ព្រំដែនជាមួយប្រទេសអេហ្ស៊ីប។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធកាលពីព្រឹកថ្ងៃពុធ ដែលបានធ្វើឱ្យទាហានអ៊ីស្រាអែលបួននាក់រងរបួសនៅភាគខាងត្បូងហ្កាហ្សា គឺជាការរំលោភលើបទឈប់បាញ់ ហើយអ៊ីស្រាអែល នឹងឆ្លើយតប។

សាកសពដែលបានរកឃើញដោយក្រុមសកម្មប្រយុទ្ធនៅភាគខាងជើងហ្កាហ្សា ត្រូវបានប្រគល់ជូនអ៊ីស្រាអែលវិញ ជាទីដែលពួកគេនឹងត្រូវបានពិនិត្យដោយអ្នកជំនាញផ្នែកកោសល្យវិច្ច័យ។ សាកសពដែលក្រុមសកម្មប្រយុទ្ធបានប្រគល់ឱ្យកាលពីថ្ងៃអង្គារ មិនត្រូវគ្នានឹងចំណាប់ខ្មាំងពីរនាក់ចុងក្រោយនៅក្នុងតំបន់ហ្កាហ្សានោះទេ។

ការប្រគល់មកវិញនៃចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានចាប់ខ្លួនក្នុងការវាយប្រហារនៅថ្ងៃទី ៧តុលា ឆ្នាំ២០២៣ ដែលបានចាប់ផ្តើមដុតបញ្ឆេះឲ្យមានសង្គ្រាមសពថ្ងៃនេះ គឺជាផ្នែកដ៏សំខាន់ក្នុងដំណាក់កាលដំបូងនៃបទឈប់បាញ់ដែលបានចាប់ផ្តើមកាលពីខែតុលា២០២៥នេះ ។ ជាថ្នូរនឹងការនេះ អ៊ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីនជាច្រើននាក់។
ក្រោមលក្ខខណ្ឌនៃបទឈប់បាញ់ ច្រកឆ្លងកាត់រ៉ាហ្វាដែលត្រូវបានបិទជាយូរមកហើយនឹងត្រូវបើកសម្រាប់ការជម្លៀសផ្នែកវេជ្ជសាស្រ្ត និងការធ្វើដំណើរទៅ និងមកពីហ្កាហ្សា។ អង្គការសុខភាពពិភពលោកនិយាយថា មានមនុស្សឈឺ និងរបួសជាង ១៦.៥០០ នាក់ ត្រូវការចាកចេញពីតំបន់ហ្កាហ្សា ដើម្បីទទួលការព្យាបាល។ ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់ច្បាស់ថាពេលណាច្រកព្រំដែននឹងត្រូវបើកនៅឡើយទេ៕