ភ្នំពេញ៖ អត្រាជនមានពិការភាពនៅក្នុងប្រទេសកម្ពុជា បានកើនឡើងដល់ជាង ១លាន ៦សែននាក់ ស្មើនឹង ៥,៥ភាគរយ នៃប្រជាពលរដ្ឋខ្មែរសរុបជាង ១៧លាននាក់ ខណៈបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៏ជាដើមចមមួយ ធ្វើឲ្យមានកំណើនដែលគួរឲ្យព្រួយបារម្ភនេះ។
ក្នុងទិវាជនមានពិការភាពកម្ពុជា លើកទី២៧ និងអន្តរជាតិលើកទី៤៣ ក្រោមប្រធានបទ “បរិយាបន្នពិការភាពលើគ្រប់វិស័យ ដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម” កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា អត្រានៃចំនួនជនមានពិការភាពទាំងជាង ១លាន ៦សែននាក់នេះ ធ្វើឡើងតាមរយៈការជំរឿនប្រជាជនកម្ពុជា កាលពីឆ្នាំ២០២៤ ដែលចំនួននេះ មានការកើនឡើងច្រើន បើធៀបទៅនឹងការជំរឿនកាលពីឆ្នាំ២០១៣ ដែលមានត្រឹមជាង ៣០ម៉ឺននាក់ប៉ុណ្ណោះ។
ឯកឧត្តមបានបន្តថា មូលហេតុចម្បងៗ ដែលនាំឲ្យមានពិការភាព គឺបណ្ដាលមកពីជំងឺឆ្លង ជំងឺមិនឆ្លង តំណពូជ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ គ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អំពើហិង្សា គ្រោះមហន្តរាយ ចាស់ជរា ជំងឺរ៉ាំរ៉ៃ បម្រែបម្រួលអាកាសធាតុ ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាមិនបានត្រឹមត្រូវ និងមូលហេតុផ្សេងៗទៀត ។
ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា ទាំងនេះ ជាកង្វល់ដែលរាជរដ្ឋាភិបាលត្រូវគិតគូរ ដោះស្រាយ ដើម្បីធានាដល់ការរស់នៅប្រកបដោយសមធម៌ សេចក្តីថ្លៃថ្នូរ និងបរិយាបន្ន សម្រាប់ជនមានពិការភាព ស្របតាមការរីកចម្រើនរបស់សង្គមជាតិ និងគោលការណ៍គ្រឹះនៃអន្តរជាតិ “មិនបោះបង់ពលរដ្ឋណាម្នាក់” ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់យក ។
ឯកឧត្តម ជា សុមេធី បានបន្ថែមថា ទន្ទឹមនឹងការកើនឡើន នៃជនមានពិការភាពនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់សេវាលទ្ធភាពពលកម្មគ្រប់ប្រភេទ ជូនជនមានពិការភាពចំនួនជាង ៧ម៉ឺន ៧ពាន់នាក់, ស្ដារលទ្ធភាពពលកម្មវេជ្ជសាស្ត្រជាង ៣ម៉ឺននាក់ ព្រមទាំងសាងសង់ ផ្ទះជូនជនមានពិការភាពក្រីក្រនៅតាមសហគមន៍បានចំនួន ១២ខ្នង ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានក្រសួងស្ថាប័នរដ្ឋចំនួន៤០ បានទទួលយកជនមានពិការភាពចូលបម្រើការងារសរុបជាង ៧ពាន់នាក់ ស្មើនឹង ២.៤៨ភាគរយ ខណៈទាំងក្រសួង ស្ថាប័ន រដ្ឋ និងផ្នែកឯកជន បានទទួលយកជនមានពិការភាព ចួលបម្រើការងារសរុបចំនួន ១៤ ៤០៧នាក់ ។ ជាមួយគ្នានេះ សិស្សមានពិការភាពគ្រប់ភូមិសិក្សា និងគ្រប់ប្រភេទពិការភាពចំនួនជាង ៣ម៉ឺននាក់ បានទទួលសេវាអប់រំបរិយាបន្ន នៅក្នុងវិទ្យាល័យអប់រំពិសេសផងដែរ៕ អត្ថបទ៖ បាន សុខរិទ្ធិ





