ស៊ីហ្គេម៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអះអាងថា CAMSOC នឹងត្រៀមរៀបចំប្រតិភូពិសេសគ្រប់គណៈកម្មការជំនាញ និងគ្រប់អគ្គលេខាធិការសហព័ន្ធកីឡាជាតិ ដើម្បីចូលរួមដកស្រង់បទពិសោធន៍ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាមនាខែឧសភា ឆ្នាំ២០២២ ខាងមុខ។

ការលើកឡើងនេះ ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិ CAMSOC ក្រោមវត្តមានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តមមានប្រសាសន៍ថា ក្រោយសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២-២០២៣ កាលពីថ្មីៗ គណៈអចិន្ដ្រៃយ៍ CAMSOC នឹងបង្កើនកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការងារផ្សេងៗ ជាក់ស្ដែងកិច្ចប្រជុំប្រចាំសប្ដាហ៍នេះបានផ្ដោតសំខាន់លើការងារ ចូលរួមប្រកួតកីឡាស៊ីហ្គេមនៅវៀតណាម ដែលកម្ពុជានឹងបញ្ជូនក្រុមគណៈកម្មការជំនាញនានា ចូលរួមដកពិសោធន៍ទាំងនយោបាយរៀបចំព្រឹត្តិការណ៍ផង និងដកស្រង់បទពិសោធន៍បច្ចេកទេសផង សម្រាប់ជាមេរៀនត្រៀមរៀបចំស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។
គួរដឹងថា ស៊ីហ្គេមលើកទី៣១ នៅវៀតណាមត្រូវបានពន្យាពេលរៀបចំពីចុងឆ្នាំ២០២១ មកឆ្នាំ២០២២ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភាខាងមុខ ដោយម្ចាស់ផ្ទះវៀតណាមបានកំណត់កីឡា ៤០ប្រភេទសម្រាប់រៀបចំការប្រកួត ក្នុងនោះកម្ពុជាក៏គ្រោងបញ្ជូនអត្តពលិក ៣៣ប្រភេទចូលរួមព្រឹត្តិការណ៍ដែលជាហ្គេមយុទ្ធសាស្ដ្រ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជានាឆ្នាំ២០២៣ នេះផងដែរ៕
អត្ថបទ៖ លី ឈុនឡា