សេតវិមានបានបញ្ជាក់ថា ប្រេសិតពិសេសអាមេរិក លោក Steve Witkoff នឹងជួបជាមួយប្រធានក្រុមប្រឹក្សាសន្តិសុខជាតិអ៊ុយក្រែន លោក Rustem Umerov សម្រាប់កិច្ចពិភាក្សានៅទីក្រុង Miami រដ្ឋ Florida របស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ នេះ។

កិច្ចប្រជុំនេះកើតឡើងបន្ទាប់ពីលោក Witkoff បានចំណាយពេលជិត ៥ម៉ោង ក្នុងកិច្ចពិភាក្សាជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅទីក្រុងមូស្គូ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងអ្វីដែលវិមានក្រឹមឡាំងនិយាយថា "ពុំមានការសម្របសម្រួល" លើការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែននោះទេ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា កិច្ចពិភាក្សាដែលក៏មានការចូលរួមពីកូនប្រសាររបស់លោកផងដែរ គឺលោក Jared Kushner ដំណើរការ "ល្អគួរសមដែរ" ប៉ុន្តែក៏បន្ថែមថា មិនទាន់ច្បាស់ពីជំហានបន្ទាប់ទេ ពីព្រោះ "ត្រូវការការពាក់ព័ន្ធពីភាគីទាំងសងខាង"។

កាលពីព្រឹកថ្ងៃពុធ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា កិច្ចប្រជុំរវាងអ្នកចរចាអាមេរិក និងអ៊ុយក្រែន នឹងប្រព្រឹត្តទៅ "នៅប៉ុន្មានថ្ងៃខាងមុខ"។ ក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្ដាញសង្គម X លោក Zelenskyy បាននិយាយថា "ឥឡូវនេះ ពិភពលោកអាចដឹងច្បាស់ថា មានឱកាសពិតប្រាកដមួយដើម្បីបញ្ចប់សង្រ្គាម" ប៉ុន្តែថា ការចរចាត្រូវតែ "គាំទ្រដោយសម្ពាធលើរុស្ស៊ី"៕