មន្រ្តីជំនាញនៃអគ្គនាយករដ្ឋពន្ធដារ និងអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានធ្វើបទបង្ហាញអំពីកាតព្វកិច្ចពន្ធគយ និងសារពើពន្ធ ដល់អ្នកនាំទំនិញចេញ-ចូល និងអ្នកធ្វើអាជីវកម្មដឹកជញ្ជូន សម្រាប់ជាចំណេះដឹងនៃការអនុវត្តនីតិវិធី ច្បាប់ និងបទប្បញ្ញត្តិនានា ដើម្បីជំរុញលើកកម្ពស់ដល់ការធ្វើអាជីវកម្មឱ្យកាន់តែប្រសើរ។

ឯកឧត្តមបណ្ឌិត អេង រតនា ប្រធាននាយករដ្ឋគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញជាធិបតីក្នុង សិក្ខាសាលា ស្តីពីកាតព្វកិច្ចពន្ធគយ និងសារពើពន្ធ ចំពោះសកម្មភាពអាជីវកម្មដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥, ដោយបានលើកឡើងអំពីច្បាប់ស្តីពីសារពើពន្ធ ដែលបានកំណត់អំពីវិធាន នីតិវិធី និងលក្ខខណ្ឌ ដើម្បីជាចំណេះដឹង ដល់អ្នកនាំទំនិញចេញ-ចូល និងអ្នកធ្វើអាជីវកម្មដឹកជញ្ជូន បានស្វែងយល់បន្ថែម ឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ចជាតិ តំបន់ និងពិភពលោក និងការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មានក្នុងសម័យឌីជីថល។ ចំណែកអនុប្រធានការិកាល័យត្រួតពិនិត្យគយ និងសាខាគយ និងរដ្ឋាករកំពុង់ផែអន្តរជាតិព្រះសីហនុ ក៏បានធ្វើបង្ហាញនៃការនាំទំនិញចេញ-ចូល ជាពិសេសសកម្មភាពអាជីវកម្មដឹក ជញ្ជូនទំនិញតាមផ្លូវទឹក សម្រាប់ជាពុទ្ធិបន្ថែម ដើម្បីជំរុញការធ្វើអាជីវកម្មប្រព្រឹត្តទៅដោយរលូន ស្របតាមនីតិវិធី និងច្បាប់ដែលបាន ចែង។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា លើកឡើងថា តាមរយៈនៃការរៀប ចំសិក្ខាសាលានេះឡើង គឺដើម្បីបញ្ជ្រាបនូវព័ត៌មានបន្ថែមដល់អ្នកធ្វើធុរកិច្ច អំពីនីតិវិធីលើកាតព្វកិច្ចបង់ពន្ធគយ និងពន្ធដារជាដើម និងក៏ជាការបង្កើតនូវទំនាក់ទំនងរវាងស្ថាប័ន និងឯកជនឱ្យកាន់តែជិតស្និទ្ធ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មឱ្យកាន់តែខ្លំាងក្លា ក្នុងគោល ដៅចូលរួមចំណែកលើកកម្ពស់ដល់កំណើនសេដ្ឋកិច្ចជាតិ។
សូមបញ្ជាក់ថា នៅក្នុងសិក្ខាសាលានេះដែរ ក៏បានរៀបចំវេទិកាសំណួរ-ចម្លើយ រវាងមន្រ្តីជំនាញទាំងពីរស្ថាប័ន ដើម្បីបកស្រាយនូវរាល់ ចម្ងល់ដែលវិស័យឯកជនកំពុងជួបប្រទះ ជាពិសេសពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ចសារពើពន្ធរបស់សហគ្រាស ក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ក៏ដូចជាកាតព្វកិច្ចពន្ធគយជាដើម ដើម្បីជំរុញការអនុវត្តនូវនីតិវិធី ច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ឆ្លើយតប នឹងឧត្តមានុវត្តជាអន្តរជាតិ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជានៅក្នុងតំបន់ និងសកលលោក៕ អត្ថបទ៖ សុន រ៉ាឌី






