បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជាបានខកខានឱកាសឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFF U23 Championship 2022 ហើយក្រោយក្រុម U23 វៀតណាមបានយកឈ្នះក្រុម U23 ថៃត្រឹមលទ្ធផល ១-០ ក្នុងជំនួបបញ្ចប់ពូល C នៅពហុកីឡដ្ឋានព្រីនស៍កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។
១គ្រាប់ដែលជួយឲ្យក្រុម U23 វៀតណាមបន្ដឈរកំពូលតារាងពូល C ធ្វើសម្រេចដោយកីឡាករ Nguyen Trung Thanh នៅនាទី២៩។ ចំពោះក្រុមថៃក៏បានព្យាយាមវាយសម្រុកណាស់ដែរ តែមិនអាចបំប៉ោងសំណាញ់ទីវៀតណាមបានឡើយ។ យ៉ាងណាមិញលទ្ធផលនេះ បានធ្វើឲ្យក្រុមទាំងពីរដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។ ប៉ុន្ដែអ្វីដែលគួរឲ្យសោកស្ដាយសម្រាប់ម្ចាស់ផ្ទះកម្ពុជា គឺលទ្ធផលនេះបានធ្វើឲ្យក្រុមគោព្រៃជំទង់កម្ពុជាបាត់បង់ឱកាសឡើងវគ្គបន្ដតែម្ដង បន្ទាប់ពីប្រៀបធៀបក្រុមលេខ២ ល្អជាងគេរវាងពូល A និងពូល C ដោយកម្ពុជាចាញ់ប្រៀបថៃត្រង់គ្រាប់បាល់ចំណេញ ១គ្រាប់គត់ ពោលគឺក្រុមទាំងពីរមាន ៣ពិន្ទុស្មើគ្នា តែថៃនៅសល់គ្រាប់បាល់ចំណេញក្នុងដៃ ១គ្រាប់ ខណៈកម្ពុជាមិនមានគ្រាប់ចំណេញឡើយ។
សម្រាប់បេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងកម្មវិធីប្រកួតដែលគ្រោងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោនាថ្ងៃទី២៤ ខែកុម្ភៈស្អែកនេះ រួមមានក្រុមលេខ១ ពូល A ទីម័រខាងកើតត្រូវជួបក្រុមកំពូលតារាងពូល C វៀតណាម ខណៈក្រុមលេខ២ ពូល C ថៃត្រូវជួបក្រុមកំពូលតារាងពូល B ឡាវ។ ចំពោះក្រុមទទួលបានជ័យជម្នះនឹងត្រូវឡើងវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងត្រូវប្រកួតកាត់សេចក្ដីរកជើងឯកនាថ្ងៃទី២៦ ខែកុម្ភៈខាងមុខ៕
អត្ថបទ៖ លី ឈុនឡា