ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃពុធទី៣ធ្នូសប្ដាហ៍នេះថា ដំណាក់កាលទី២ នៃផែនការដែនដីហ្កាហ្សា របស់លោកនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។
នៅពេលសួរដោយអ្នកសារព័ត៌មានថា ពេលណាដំណាក់កាលទីពីរនឹងចាប់ផ្តើម លោក Trump គ្រាន់តែនិយាយថា អ្វីៗកំពុងដំណើរការទៅដោយរលូន តែប៉ុណ្ណោះ។

លោកបាននិយាយនៅឯសេតវិមានថា ពួកគេមានបញ្ហានៅថ្ងៃនេះជាមួយនឹងគ្រាប់បែកដែលបានផ្ទុះ ធ្វើឱ្យមនុស្សមួយចំនួនរងរបួសធ្ងន់ ហើយប្រហែលជាសម្លាប់មនុស្សមួយចំនួន ដោយសំដៅទៅលើការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់៧នាក់កាលពីយប់ថ្ងៃពុធ ក្នុងការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ថ្មីរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន។

លោកថាពួកគេកំពុងប្រាប់លោកថា វាទើបតែកើតឡើង។ ប៉ុន្តែវាកំពុងដំណើរការទៅដោយរលូន។ ពួកលោកមានសន្តិភាពនៅមជ្ឈិមបូព៌ា។
ការវាយប្រហារបានកើតឡើងភ្លាមៗបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានគំរាមថានឹងឆ្លើយតបចំពោះរបួសរបស់ទាហានក្នុងការប៉ះទង្គិចជាមួយយុទ្ធជនប៉ាឡេស្ទីននៅទីក្រុង Rafah។

ដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងឈប់បាញ់រួមមានការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន។ ផែនការនេះក៏គិតគូរពីការកសាងឡើងវិញនូវតំបន់ហ្កាហ្សា និងការបង្កើតយន្តការគ្រប់គ្រងថ្មីមួយដោយគ្មានវត្តមានក្រុមហាម៉ាសដែរ។
អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៧០.០០០ នាក់ ភាគច្រើនជាស្ត្រី និងកុមារ និងធ្វើឱ្យមនុស្សជិត ១៧១.០០០ នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារនៅតំបន់ហ្កាហ្សាចាប់តាំងពីខែតុលា ឆ្នាំ ២០២៣មក៕