នៅទីបំផុត គណៈកម្មការអឺរ៉ុបបានសម្រេចចិត្តស្នើឡើងជាផ្លូវការហើយ កាលពីថ្ងៃពុធ (៣ ធ្នូ) នូវការប្រើប្រាស់ដែលមិនធ្លាប់មានពីមុនមក លើទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបង្កកនៅលោកខាងលិច ឬកម្ចីពីអន្តរជាតិ ដើម្បីរៃអង្គាសប្រាក់ ៩០ពាន់លានអឺរ៉ូ (ប្រមាណ ១០៥ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន ដើម្បីរ៉ាប់រងផ្នែកយោធា និងសេវាមូលដ្ឋាន ដែលកំពុងជួបការលំបាក ទប់ទល់នឹងសង្រ្គាមរុស្ស៊ី។

ស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប បានប្រកាសថា ខ្លួនអនុគ្រោះនិងគាំទ្រដល់ "ឥណទានគ្មានការប្រាក់" ដោយប្រើទ្រព្យសម្បត្តិរដ្ឋរបស់រុស្ស៊ី ដែលជាប់គាំងក្នុងសហភាពអឺរ៉ុប ដោយសារប្រតិបត្តិការយោធាលើអ៊ុយក្រែន។ ប៉ុន្តែបែលហ្ស៊ិក ដែលកាន់កាប់ទ្រព្យបង្កកភាគច្រើននិងមានកង្វល់ផ្នែកច្បាប់ នៅមិនទាន់ជឿជាក់លើសំណើនេះទេ។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រាប់អ្នកយកព័ត៌មានថា "ប្លុកកំពុងស្នើឡើងនូវសំណើដើម្បីអាចរ៉ាប់រងលើពីរភាគបីនៃតម្រូវការហិរញ្ញប្បទានរបស់អ៊ុយក្រែន សម្រាប់ពេល ២ឆ្នាំខាងមុខ នោះគឺចំនួន ៩០ពាន់លានអឺរ៉ូ ហើយចំណែកដែលនៅសេសសល់គឺដៃគូអន្តរជាតិជាអ្នករ៉ាប់រង"។ លោកស្រីបន្តថា សំណើដាក់ទៅប្រទេសជាសមាជិកសហភាពអឺរ៉ុបនេះ បានគិតគូរពីកង្វល់ស្ទើរតែទាំងអស់ដែលបែលហ្ស៊ិកលើកឡើង។
រុស្ស៊ី បានព្រមានសហភាពអឺរ៉ុប និងបែលហ្ស៊ិកកុំឱ្យប្រើប្រាស់ទ្រព្យសម្បត្តិរបស់ខ្លួន ដែលទីក្រុងមូស្គូ និយាយថា បែបនោះជាការលួចទ្រព្យអ្នកដទៃ ប៉ុន្តែគណៈកម្មាការអឺរ៉ុបនិយាយថា គម្រោងនេះមិនស្មើនឹងការរឹបអូសទ្រព្យសម្បត្តិនោះទេ ព្រោះថាប្រាក់ទាំងនោះ នឹងស្ថិតក្នុងទម្រង់ជាប្រាក់កម្ចីតែប៉ុណ្ណោះ៕

