សហរដ្ឋអាមេរិក បានចូលរួមជាមួយប្រទេសចំនួន៩០ផ្សេងទៀតនៅអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ ទី៣ ខែធ្នូ ក្នុងការទាមទារឱ្យរុស្ស៊ី «ធានាបានការវិលត្រឡប់ជាបន្ទាន់ សុវត្ថិភាព និងគ្មានលក្ខខណ្ឌសម្រាប់កុមារអ៊ុយក្រែនទាំងអស់ដែលត្រូវបានផ្ទេរឬនិរទេសដោយបង្ខំ» និងជំរុញឱ្យទីក្រុងមូស្គូ បញ្ឈប់ការអនុវត្តបែបនេះ។

ការអនុម័តសេចក្តីសម្រេចដោយមហាសន្និបាតដែលមានសមាជិក១៩៣រូបបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក Steve Witkoff បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងកូនប្រសារលោកTrump គឺលោក Jared Kushner បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅវិមានក្រឹមឡាំងសម្រាប់ការពិភាក្សាអំពីវិធីបញ្ចប់ជម្លោះដ៏បង្ហូរឈាមនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២មក។

រុស្ស៊ី បានជំរុញឱ្យប្រទេសនានាប្រឆាំងនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានពង្រាងដោយអ៊ុយក្រែន កាណាដា និងសហភាពអឺរ៉ុប។ «ការបោះឆ្នោតនីមួយៗសម្រាប់សេចក្តីសម្រេចនេះគឺជាការគាំទ្រចំពោះការនិយាយកុហក សង្គ្រាម និងការប្រឈមមុខដាក់គ្នា។ ឯកអគ្គរដ្ឋទូតរងប្រចាំអង្គការសហប្រជាជាតិរបស់រុស្ស៊ី លោកស្រី Maria Zabolotskaya បានប្រាប់មហាសន្និបាតមុនពេលបោះឆ្នោតថា រាល់ការបោះឆ្នោតប្រឆាំង គឺជាការបោះឆ្នោតសម្រាប់សន្តិភាព» ។
រុស្ស៊ី និងប្រទេសចំនួន១១ផ្សេងទៀតបានបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចនេះ ខណៈប្រទេសចំនួន៥៧ បានអនុប្បវាទ។