រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan កាលពីថ្ងៃពុធ ទី៣ ខែធ្នូ បាននិយាយថា ការវាយប្រហារ «គួរឱ្យបារម្ភ» ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះលើនាវាដឹកប្រេងមានទំនាក់ទំនងជាមួយរុស្ស៊ីនៅសមុទ្រខ្មៅ បានគំរាមកំហែងដល់សុវត្ថិភាពគ្រប់អ្វីទាំងអស់នៅក្នុងតំបន់ និងបានបង្ហាញពីការឈានដល់សង្គ្រាមនៅក្នុងអ៊ុយក្រែនដែលកំពុងរីកធំ។

លោកបាននិយាយថា ការវាយប្រហារនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសទួរគី បានរំលោភលើសុវត្ថិភាពនៃការធ្វើនាវាចរណ៍ និងកំពុងប៉ះពាល់ដល់ពាណិជ្ជកម្ម ហើយ ប្រទេសទួរគី រ៉ូម៉ានី និងប៊ុលហ្គារី ដែលមានព្រំប្រទល់ជាប់សមុទ្រខ្មៅផងដែរនោះ កំពុងសម្លឹងមើលពីវិធានការដើម្បីបង្កើនសន្តិសុខ។

យោងតាមប្រភពមួយពីក្រសួងការបរទេសទួរគីបានឲ្យដឹងថា លោក Fidan ក៏បានពិភាក្សាអំពីការវាយប្រហារ ដែលមួយចំនួនត្រូវបានអះអាងដោយអ៊ុយក្រែនជាមួយអគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Mark Rutte នៅទីក្រុងព្រុចសែល ព្រមទាំងជាមួយសមភាគីរបស់លោកមកពីប្រទេសប៊ុលហ្គារី និងរ៉ូម៉ានី ។
ការវាយប្រហារទាំងនេះ បានធ្វើឱ្យអត្រាធានារ៉ាប់រងដឹកជញ្ជូននៅសមុទ្រខ្មៅកើនឡើងខ្ពស់ និងបានជំរុញឱ្យក្រុមហ៊ុនរបស់ប្រទេសទួរគីមួយគឺ ក្រុមហ៊ុន Besiktas Shipping បញ្ឈប់ប្រតិបត្តិការទាក់ទងនឹងរុស្ស៊ី ដោយសារការព្រួយបារម្ភពីសន្តិសុខ។