បាល់ទាត់៖ អ្នកចាត់ការបណ្តោះអាសន្នរបស់ក្រុមបិសាចក្រហម Manchester United លោក Ralf Rangnick បានដាស់តឿនកូនក្រុមពីបរិយាកាសគ្រោះថ្នាក់មួយនៅពេលធ្វើដំណើរទៅទឹកដីរបស់ Atletico Madrid រាត្រីនេះជើងទី១ វគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League។

អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះបាននិយាយថា យើងនឹងមិនត្រូវបានទទួលការស្វាគមន៍កក់ក្តៅឡើយនៅទីនោះ ហើយពេលដល់កីឡដ្ឋានទៀតសោតសំឡេងអ្នកគាំទ្រ Atletico Madrid នឹងធ្វើឱ្យបរិយាកាសអាប់អួរសំរាប់ក្រុមភ្ញៀវ។ Manchester United ឡើងមកដល់វគ្គនេះក្រោយបញ្ចប់លេខ ១ ក្នុងពូល F ខណៈ Atletico Madrid ដែលជាជើងឯក La Liga រដូវកាលមុន និងបញ្ចប់ឈរលេខ ៥ នោះបានបញ្ចប់លេខ ២ ក្នុងពូល B តាមពីក្រោយ Liverpool។ Manchester United នឹងមិនមានវត្តមានខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Edinson Cavani ដែលកំពុងមានរបួស តែកីឡាករសំខាន់ៗផ្សេងៗសុទ្ធតែគ្មានបញ្ហា។
ចំណែកឯ Atletico Madrid វិញមកដល់ពេលនេះពួកគេឈ្នះ ៣ប្រកួតប៉ុណ្ណោះក្នុង ៨ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌ និងចាញ់ក្នុងដីចុងក្រោយបំផុតនៅថ្ងៃទី១៦ ខែកុម្ភៈគឺចាញ់ Levante ១-០។ ប្រធានក្រុម Koke នឹងមិនមានវត្តមានឡើយយប់នេះដោយសាររបួសពេល Atletico Madrid យកឈ្នះ Osasuna កាលពីថ្ងៃសៅរ៍ ៣-០ ស្របពេលដែល Yannick Carrasco និង Felipe សុទ្ធតែជាប់ពិន័យ៕
អត្ថបទ៖នាង សុភាវុធ