និយតករអ៊ីនធឺណិតរបស់អូស្ត្រាលី បាននិយាយថា ការហាមឃាត់មិនឱ្យក្មេងជំទង់អាយុក្រោម ១៦ឆ្នាំ ប្រើប្រាស់បណ្ដាញសង្គម នឹងក្លាយជាបាតុភូតបន្តបន្ទាប់គ្នាដំបូងគេ ដែលអាចជំរុញទៅទូទាំងសកលលោកជុំវិញការគ្រប់គ្រងលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ខណៈបណ្ដាញកម្មវិធីល្បីៗដូចជា កម្មវិធី Instagram កម្មវិធី Facebook និងកម្មវិធី Threads របស់ក្រុមហ៊ុន Meta បានចាប់ផ្តើមបិទគណនីរបស់មនុស្សរាប់សែននាក់ នៅមុនកាលបរិច្ឆេទកំណត់សប្តាហ៍ក្រោយ។

ស្នងការនិយតករអ៊ីនធឺណិត eSafety លោកស្រី Julie Inman Grant បាននិយាយថា ដំបូងឡើយ លោកស្រីមានក្ដីបារម្ភពីវិធីសាស្រ្ត "បែបបង្ខំ" នៃការទប់ស្កាត់ក្មេងអាយុក្រោម ១៦ឆ្នាំ មិនឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ុន្តែនិយតកម្មផ្សេងៗពុំមានប្រសិទ្ធភាពគ្រប់គ្រាន់សោះ។ លោកស្រីបន្តថា រដ្ឋាភិបាលជុំវិញពិភពលោកកំពុងឃ្លាំមើល នៅពេលច្បាប់របស់អូស្ត្រាលី ចូលជាធរមាននៅថ្ងៃទី១០ ខែធ្នូ ហើយបម្រាមនេះអាចជា ឥទ្ធិពលដូមីណូដំបូង ឬបាតុភូតបន្តបន្ទាប់គ្នាជាសកល។
យោងតាមទិន្នន័យ eSafety អត្រា ៩៦% នៃក្មេងជំទង់អូស្ត្រាលីក្រោម ១៦ឆ្នាំ ពោលគឺច្រើនជាង ១លាននាក់នៃចំនួនប្រជាជនសរុប ២៧លាននាក់ មានគណនីបណ្ដាញសង្គម។ ទោះជាច្បាប់នេះចូលជាធរមាននៅថ្ងៃទី១០ ខែធ្នូក៏ដោយ ក៏ក្រុមហ៊ុន Meta ដែលជាបណ្ដាញមេរបស់កម្មវិធី Instagram កម្មវិធី Facebook និង Threads បានចាប់ផ្តើមបិទគណនីបណ្ដើរៗ ចាប់ពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
វេទិកាសង្គមប៉ះពាល់ផ្សេងទៀត ចាប់ផ្តើមទាក់ទងអ្នកប្រើប្រាស់មិនទាន់គ្រប់អាយុ ដោយណែនាំពួកគេឱ្យទាញយករូបថត និងបណ្ដាញទំនាក់ទំនងឱ្យបានមុនបម្រាមមានប្រសិទ្ធិភាព ហើយផ្តល់ជម្រើសនៃការលុបគណនី ឬក៏បង្កកគណនីសិន រង់ចាំដល់ពួកគេគ្រប់អាយុ ១៦ឆ្នាំ៕


