E-Sports៖ បន្ទាប់ពីបញ្ចប់ការប្រកួតលើវិញ្ញាសា PUBG Mobile សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports) បានបន្ដរកឃើញក្រុមជើងខ្លាំងលើវិញ្ញាសាថ្មីមួយទៀតហើយគឺវិញ្ញាសា Mobile Legends ដើម្បីចម្រាញ់កីឡាករឆ្នើមៗធ្វើការប្រមូលផ្ដុំជាក្រុមជម្រើសជាតិ សម្រាប់ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមនាខែឧសភា ឆ្នាំ២០២២ ខាងមុខ។

ការប្រកួតថ្នាក់ជាតិឆ្នាំ២០២២ នេះបានចាប់ផ្ដើមការប្រកួតតាំងពីថ្ងៃទី២៧ ខែមករារហូតដល់ថ្ងៃទី២០ ខែកុម្ភៈកន្លងទៅដោយមានក្រុមខ្លាំងៗចុះឈ្មោះចូលរួម ៨ក្រុមដើម្បីធ្វើការប្រកួតវិលជុំសន្សំពិន្ទុ។ ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្របានធ្វើឡើងនៅផ្សារទំនើបអ៊ីអនសែនសុខ ក្រោមវត្តមានឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។ ជាលទ្ធផលបន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ក្រុម BURN X PLASH បានគ្រងតំណែងជើងឯកបន្ទាប់ពីយកឈ្នះក្រុមខ្លាំង SEE YOU SOON នៅវគ្គផ្ដាច់ព្រ័ត្រ។ សម្រាប់ក្រុមជើងឯកគឺបានទទួលពាន អមប្រាក់រង្វាន់ ៤,៥០០ដុល្លារ ខណៈលេខ២ ទទួលបានប្រាក់រង្វាន់ ២,០០០ដុល្លារ។ រីឯក្រុមលេខ៣ ទទួលបានប្រាក់រង្វាន់ ១,០០០ដុល្លារ, លេខ៤ ទទួលបានប្រាក់រង្វាន់ ៥០០ដុល្លារ ខណៈក្រុមលេខ៥ ដល់លេខ៨ ក៏ទទួលបានថវិកាលើកទឹកចិត្ត ២៥០ដុល្លារក្នុងមួយក្រុមផងដែរ។
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានមានប្រសាសន៍ថា ដោយសារឆ្នាំនេះម្ចាស់ផ្ទះវៀតណាមបានកំណត់អាយុត្រឹម ១៨ឆ្នាំឡើងក្នុងការប្រកួតកីឡាស៊ីហ្គេម ទើបសហព័ន្ធកំណត់ឲ្យកីឡាករចូលរួមត្រឹមអាយុ ១៨ឆ្នាំឡើង។ ប៉ុន្តែនៅឆ្នាំក្រោយពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះវិញនោះ កម្ពុជា នឹងកំណត់អាយុឲ្យកីឡាករចូលរួមនៅអាយុចាប់ពី ១៦ឆ្នាំឡើងវិញ។ ដូច្នេះឯកឧត្តមបានអំពាវនាវឲ្យកីឡាករវ័យក្មេងទាំងអស់ ខិតខំហ្វឹកហាត់ និងពង្រឹងសមត្ថភាពដើម្បីត្រៀមចូលរួមទាំងអស់គ្នា។ សូមបញ្ជាក់ថា គោលបំណងនៃការប្រកួតនេះគឺដើម្បីជ្រើសរើសកីឡាករល្អៗបង្កើតជាក្រុមជម្រើសជាតិ ដើម្បីធ្វើដំណើរទៅប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។ ដូច្នេះមានន័យថា សម្រាប់ក្រុមជ័យលាភីចុងក្រោយនេះមិនទាន់ជាក្រុមជម្រើសជាតិផ្លូវការនៅឡើយទេ ប៉ុន្តែនឹងមានការជ្រើសរើសសមាជិកដែលមានជំនាញរៀងៗខ្លួនដើម្បីបង្កើតជាក្រុមជម្រើសជាតិ៕
អត្ថបទ៖ លី ឈុនឡា