មន្ត្រីសន្តិសុខម្នាក់បានប្រាប់សារព័ត៌មានស៊ីនហួថា កងកម្លាំងដែលសហការជាមួយក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូងយេម៉ែន (STC) បានចូលដល់ទីក្រុង Seiyun ក្នុងខេត្ត Hadramout ភាគអាគ្នេយ៍ កាលពីថ្ងៃពុធ បន្ទាប់ពីការប៉ះទង្គិចជាមួយអង្គភាពគាំទ្ររដ្ឋាភិបាល។
មន្ត្រីដែលមិនបញ្ចេញឈ្មោះ បាននិយាយថា ក្រុមយុទ្ធជនរបស់ STC បានវាយប្រហារទីតាំងការពារដែលកាន់កាប់ដោយទីបញ្ជាការយោធាតំបន់ទី ១ ដែលគាំទ្ររដ្ឋាភិបាល ហើយបានរុលចូលទៅក្នុងទីក្រុងនេះ ខណៈដែលកងកម្លាំងរដ្ឋាភិបាល បានដកចេញពីចំណុចត្រួតពិនិត្យមួយចំនួន។

មន្ត្រីរូបនេះ បានបញ្ជាក់ថា ក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូងយេម៉ែន (STC) កំពុងរៀបចំប្រកាសការគ្រប់គ្រងពេញលេញលើទីក្រុង Seiyun រួមទាំងអាកាសយានដ្ឋាន និងអគាររដ្ឋាភិបាល។
លោកបាននិយាយថា អង្គភាពជាច្រើនរបស់ STC ក៏បានពង្រីកវត្តមានរបស់ពួកគេ នៅក្នុងតំបន់វាលខ្សាច់នៅចន្លោះ ខេត្ត Shabwa ភាគអាគ្នេយ៍ និងខេត្ត Marib ភាគកណ្តាល ដោយដណ្តើមយកជំរំយោធា Arin ដ៏សំខាន់។
ទន្ទឹមនឹងនេះ អ្នកស្រុកបានរាយការណ៍ថា បានឃើញរថយន្តយោធារបស់ STC នៅក្នុងសង្កាត់ និងឮសំឡេងផ្ទុះ និងសំឡេងកាំភ្លើងផងដែរ។
ពុំមានការអត្ថាធិប្បាយភ្លាមៗពីរដ្ឋាភិបាលយេម៉ែនទាក់ទងនឹងការវិវត្តនេះនៅឡើយទេ។
ប្រទេសយេម៉ែន ត្រូវរួបរឹតដោយជម្លោះ ចាប់តាំងពីឆ្នាំ ២០១៤ នៅពេលដែលកងកម្លាំងហ៊ួទី បានដណ្តើមគ្រប់គ្រងទីក្រុង Sanaa និងភាគខាងជើងភាគច្រើននៃប្រទេសនេះ ដែលជំរុញឲ្យក្រុមចម្រុះដឹកនាំដោយ អារ៉ាប៊ីសាអ៊ូឌីតធ្វើអន្តរាគមន៍ ដើម្បីគាំទ្ររដ្ឋាភិបាលដែលទទួលស្គាល់ដោយអន្តរជាតិ ក្នុងឆ្នាំ ២០១៥៕