រដ្ឋាភិបាលអង់គ្លេសបាននិយាយថា កិច្ចព្រមព្រៀងការពារជាតិដែលប្រកាសដោយចក្រភពអង់គ្លេស និង ន័រវែស នៅថ្ងៃព្រហស្បតិ៍នេះ នឹងឃើញកងទ័ពជើងទឹករបស់ពួកគេរួមគ្នាដំណើរការកងនាវាចម្បាំង ដើម្បី«តាមប្រមាញ់នាវាមុជទឹករុស្ស៊ី» នៅអាត្លង់ទិកខាងជើង។
កិច្ចព្រមព្រៀងនេះ មានគោលបំណងការពារហេដ្ឋារចនាសម្ព័ន្ធក្រោមសមុទ្រសំខាន់ៗ ដូចជាខ្សែកាប ដែលមន្ត្រីលោកខាងលិចបានអះអាងថា កំពុងស្ថិតនៅក្រោមការគំរាមកំហែងកាន់តែខ្លាំងឡើងពីទីក្រុងមូស្គូ។

កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើង នៅពេលដែលក្រសួងការពារជាតិអង់គ្លេស (MoD) រាយការណ៍ថា ការមើលឃើញនាវារុស្ស៊ីនៅក្នុងដែនទឹកចក្រភពអង់គ្លេស បានកើនឡើង ៣០ ភាគរយ ក្នុងរយៈពេលពីរឆ្នាំកន្លងមក។
ប្រទេសន័រវែស បានប្រកាសកាលពីខែកញ្ញាអំពីការទិញនាវាចម្បាំង Type-26 យ៉ាងហោចណាស់ចំនួន ៥ គ្រឿង ពីចក្រភពអង់គ្លេស ក្នុងតម្លៃ ១០ ពាន់លានផោន (១៣ ពាន់លានដុល្លារ)។

ការប្រកាសថ្មីៗនេះ ធ្វើឡើងស្របពេលជាមួយនឹងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Keir Starmer និងសមភាគីន័រវែសរបស់ខ្លួន គឺលោក Jonas Gahr Store ទៅកាន់មូលដ្ឋានកងទ័ពអាកាស Royal Air Force នៅភាគខាងជើងស្កុតឡែន។
ក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសទាំងពីរ នឹងដំណើរការកងនាវាដែលមាននាវាចម្បាំងចំនួន ១៣គ្រឿង ដែលផលិតដោយអង់គ្លេស ដោយផ្អែកលើ«មូលដ្ឋានដែលអាចផ្លាស់ប្តូរគ្នាបាន»។
ក្រសួងការពារជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេនឹងតាមដានសកម្មភាពកងទ័ពជើងទឹករបស់រុស្ស៊ី នៅក្នុងដែនទឹករវាងកោះ Greenland ប្រទេសអ៊ីស្លង់ និងចក្រភពអង់គ្លេស ដោយ «ការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាខ្សែកាបក្រោមទឹក និងបំពង់បង្ហូរប្រេង ដែលបញ្ជូនព័ត៌មាន អគ្គិសនី និងឧស្ម័ន»៕