អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានពង្រីកវិសាលភាព នៃការអនុវត្តថ្នាលគាំពារសង្គមឌីជីថលកម្ពុជា។ ជាក់់ស្ដែង កាលពីថ្ងៃទី ៣ ខែធ្នូ ម្សិលម៉ិញនេះ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមបានប្រគល់ ឧបករណ៍ចុះបញ្ជី សម្រាប់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ក្នុងខេត្តកំពង់ធំ។
ឯកឧត្តម ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា ការអភិវឌ្ឍ និងដាក់ឱ្យដំណើរការថ្នាលគាំពារសង្គមឌីជីថលកម្ពុជា គឺជាការបោះជំហានក្នុងការកាត់បន្ថយភាពបែកខ្ញែកនៃប្រព័ន្ធចុះបញ្ជី និងការបើកផ្តល់អត្ថប្រយោជន៍គាំពារសង្គមស្ទួន ក៏ដូចជាកាត់បន្ថយការវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមានមុខងារដូចគ្នា ស្របតាមផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ឆ្នាំ២០២៤–២០២៨ និងគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤–២០៣៥។
ថ្នាលឌីជីថលរួមនេះ បានធ្វើសុខដុមនីយកម្មកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមចំនួន ១០ កម្មវិធី ហើយបានបំពាក់មុខងារបន្ថែម សំខាន់ៗដូចជា៖ (១) មុខងារ Fast Search សម្រាប់ស្វែងរកអត្តសញ្ញាណអ្នកទទួលផលបានរហ័ស តាមរយៈលេខសម្គាល់មួយណាក៏បាន (អត្តសញ្ញាណបណ្ណ, បណ្ណសមធម៌, បណ្ណជនពិការ, បណ្ណ ប.ស.ស., ...) ឬត្រឹមតែស្កេនខ្ចៅដៃ និងថតផ្ទៃមុខ (ទិន្នន័យជីវមាត្រ); (២) មុខងារ OCR ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ចាប់យក និងបំលែងតួអក្សរលើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីបំពេញទិន្នន័យចូលក្នុងប្រតិបត្តិការចុះបញ្ជីដោយស្វ័យប្រវត្តិ; (៣) SP Connect សម្រាប់ភ្ជាប់ប្រព័ន្ធចុះបញ្ជីនានាទៅកាន់ថ្នាលឌីជីថលរួមតែមួយ ឱ្យមន្ត្រីអាចចូលប្រើបានគ្រប់កម្មវិធី ឬសេវាគាំពារសង្គម មិនចាំបាច់មានគណនីច្រើន; និងមុខងារសំខាន់ៗដទៃទៀត។
ជាការពង្រីកវិសាលភាពនៃការអនុវត្ត ក្រុមប្រឹក្សាជាតិគាំពារសង្គមបានផ្ដល់ជូនឧបករណ៍សម្ភារឌីជីថលសម្រាប់បម្រើដល់ការចុះបញ្ជី ចំនួន ១ ឈុតសម្រាប់ឃុំ/សង្កាត់នីមួយៗ នៅខេត្តកំពង់ធំ។ ឧបករណ៍ទាំងនេះរួមមាន កុំព្យូទ័រយួរដៃដែលមានសមត្ថភាពប្រតិបត្តិការកម្រិតខ្ពស់, កាមេរ៉ាថតផ្ទៃមុខ និងឯកសារកម្រិតខ្ពស់ (Full HD), ម៉ាស៊ីនស្កែនខ្ចៅដៃ និងម៉ាស៊ីនបោះពុម្ពខ្នាតតូច បន្ថែមលើថេប្លែតដែលបានផ្តល់ជូននាពេលកន្លងទៅ។ ការបំពាក់ឧបករណ៍ចុះបញ្ជីឌីជីថលនេះ គឺជាការធ្វើទំនើបកម្ម និងការធ្វើឌីជីថលូបនីយកម្ម ដល់កម្រិតអ្នកអនុវត្តផ្ទាល់ នៅថ្នាក់ក្រោមជាតិ ដែលមិនធ្លាប់មានពីមុនមក។
ថ្លែងក្នុងពិធីប្រគល់-ទទួលនេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តឱ្យមន្ត្រីមូលដ្ឋាន និងរដ្ឋបាលឃុំ/សង្កាត់ ចូលរួមថែរក្សា និងប្រើប្រាស់ឧបករណ៍ឌីជីថលដែលបានប្រគល់ជូន ឱ្យមានប្រសិទ្ធភាព ដើម្បីធានាថា ការផ្តល់សេវាដល់ប្រជាពលរដ្ឋមានគុណភាពខ្ពស់ និងទាន់ពេល។
ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ហើយបច្ចុប្បន្ន កំពុងដាក់ឱ្យអនុវត្តពេញលេញក្នុង ២០៩ ឃុំ/សង្កាត់ នៃខេត្តកំពង់ចាម និងខេត្តសៀមរាប បន្ទាប់ពីការអនុវត្តសាកល្បងនៅកម្រិតស្រុកជើងព្រៃ និងក្រុងសៀមរាបអស់រយៈពេលមួយឆ្នាំ ព្រមទាំងមានការវាយតម្លៃលទ្ធផលការអនុវត្តដោយធនាគារពិភពលោក ហើយបច្ចុប្បន្នកំពុងពង្រីកវិសាលភាពនៃការអនុវត្ត ជាជំហានៗ ពោលគឺខេត្តកំពង់ធំ ជាខេត្តទី៣ បន្ទាប់ពីខេត្តកំពង់ចាម និងខេត្តសៀមរាប ក្នុងដំណើរនៃការពង្រីកវិសាលភាពនៃការអនុវត្តថ្នាល DSPP នេះ។ អត្ថបទ៖ គឹម ហុក







