រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ណែនាំចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមទាំង៥ សំដៅធ្វើយ៉ាងណាប្រកាន់ខ្ជាប់ក្នុងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ។
ការថ្លែងបែបនេះរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាថ្ងៃទី៤ខែធ្នូ ឆ្នាំ២០២៥ ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងនិងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានផ្តាំផ្ញើថែមទៀតថា មន្រ្តីអ្នកអនុវត្តច្បាប់ទាំងអស់ត្រូវចូលរួមលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការ ដោយប្រកាន់ខ្ជាប់នូវវិន័យក្រមសីលធម៌ វិជ្ជាជីវៈ ទាំងពេលបំពេញការងារ និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងចូលរួមប្រកបដោយឆន្ទៈក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ដើម្បីធានាឱ្យការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋធ្វើឡើងបាន «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»។
លេីសពីនេះទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៍បានជំរុញឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ លើការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពន្លឿនការដោះស្រាយសំណុំរឿង និងភាពមិនប្រក្រតីតាមតុលាការ។
គូសបញ្ជាក់ថា៖ ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តកំពង់ចាមនិងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយឯកឧត្ដម កោ វណ្ឌី ដែលបានផ្ទេរមុខតំណែងពីប្រធានសាលាដំបូងខេត្តព្រះសីហនុ មកជាប្រធានសាលាដំបូងខេត្តកំពង់ចាមជំនួស ឯកឧត្ដម សួស ឡា ដែលត្រូវផ្ទេរមុខតំណែងទៅជាប្រធានសាលាដំបូងខេត្តព្រៃវែងវិញ និងឯកឧត្ដម កែវ សុជាតិ ពីព្រះរាជអាជ្ញាខេត្តបាត់ដំបង មកជាព្រះរាជអាជ្ញាខេត្តកំពង់ចាមជំនួស ឯកឧត្ដម វង្ស ប៊ុនវិសុទ្ធ ដែលត្រូវផ្ទេរមុខតំណែងជាព្រះរាជអាជ្ញាខេត្តពោធិ៍សាត់វិញ៕





