ក្រុមជើងឯករងឆ្នាំចាស់ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានទម្លាក់ក្រុមការពារតំណែងជើងឯក សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយយកឈ្នះដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៤-៣ បន្ទាប់ពីបន្ដប្រកួតស្មើគ្នា ១-១ ខណៈក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប បានឡើងវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះក្រុមភ្នំពេញហ្គាឡាក់ស៊ី ៣-២ ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ខេត្ត) ឆ្នាំ២០២៥/២៦ កាលពីល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
ពិតជាភ្ញាក់ផ្អើលសម្រាប់ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ដែលធ្វើមិនសូវបានល្អកាលពីជួបគ្នាក្នុងពូល ពោលគឺចាញ់ខេត្តត្បូងឃ្មុំ ទាំង ២ជើង ដោយលទ្ធផលក្រៅដី ៣-១ និងក្នុងដី ៤-១ តែការប្រកួតរហស្សនាម «ជំនួបបងប្អូន» នេះ កាន់តែរន្ថើន បន្ទាប់ពីក្រុមទាំងពីរ បានជួបគ្នាជាថ្មី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយជើងទី១ បានស្មើគ្នា ១-១ នៅទឹកដីខេត្តកំពង់ចាម ហើយបន្ដប្រកួតស្មើគ្នា ១-១ ម្ដងទៀត ក្នុងជើងទី២ នៅទឹកដីខេត្តត្បូងឃ្មុំ។
សម្រាប់ជំនួបកាត់សេចក្ដីជើងទី២ កាលពីល្ងាចថ្ងៃពុធនេះ កីឡាករ កសឹម នារ៉ទីន បានរកគ្រាប់នាំមុខឲ្យក្រុមភ្ញៀវខេត្តកំពង់ចាម ១គ្រាប់មុន នៅនាទី៥៥ តែប្រមាណ ៨នាទីក្រោយមក កីឡាករ ធី ភារ៉ា ក៏វាយបកគ្រាប់ស្មើឲ្យត្បូងឃ្មុំវិញ នៅនាទី៦៣ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី និងឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ដោយកំពង់ចាម បានយកឈ្នះខេត្តត្បូងឃ្មុំ ៤-៣ ឡើងវគ្គផ្ដាច់ព្រ័ត្រតែម្ដង។
ក្រឡេកទៅចាប់អារម្មណ៍ជំនួបកាត់សេចក្ដី នៅទីលានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា វិញ ក្រោយស្មើគ្នា ០-០ កាលពីជើងទី១ នៅទឹកដីខេត្តសៀមរាប ក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប បានបើកការនាំមុខក្រុមម្ចាស់ផ្ទះ ៣គ្រាប់មុន ដោយកីឡាករ Bruno ១គ្រាប់នៅនាទី១៦ និង ហួច សុនី ២គ្រាប់ នៅនាទី៣០ និងនាទី៣៤ មុនភ្នំពេញហ្គាឡាក់ស៊ី វាយបកបាន ២គ្រាប់វិញ ដោយកីឡាករ ម៉ាត់ សេតម៉ូស្លីម នៅនាទី៤៣ និងកីឡាករ ភឺន ចាន់វិសុទ្ធ នៅនាទី៥១ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង នាំឲ្យក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប ឡើងវគ្គផ្ដាច់ព្រ័ត្រជាផ្លូវការ។
ក្រោយចប់ការប្រកួតលោក កែវ សុផល គ្រូបង្វឹកក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប បានលើកឡើងថា ជ័យជម្នះនេះ ប្រៀងបានការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ហើយលោកក៏បានកម្លាំងសាមគ្គី និងការពង្រឹងស្មារតី ដែលជាក្ដីបារម្ភរបស់ខ្លួន រហូតទទួលបានជ័យជម្នះ ហើយលោកនឹងប្រើប្រាស់ភាពវិជ្ជមាននេះ ដើម្បីតតាំងជាមួយខេត្តកំពង់ចាម នៅវគ្គផ្ដាច់ព្រ័ត្របន្ដទៀត។
ចំពោះវគ្គផ្ដាច់ព្រ័ត្រ រវាងក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម និងក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប គ្រោងនឹងប្រកួតកាត់សេចក្ដីនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។ ដូច្នេះចាំមើលតើរវាងក្រុមទាំងពីរ ក្រុមណានឹងក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ខេត្ត) ឆ្នាំ២០២៥/២៦? អត្ថបទ លី ឈុនឡា




