អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump គឺជាមេដឹកនាំតែមួយរូបគត់នៅលើពិភពលោក ដែលអាចបំបែកភាពជាប់គាំង ជុំវិញសង្គ្រាមនៅអ៊ុយក្រែនបាន។

ការអត្ថាធិប្បាយរបស់ប្រមុខណាតូរូបនេះ ធ្វើឡើងនៅទីក្រុងប្រ៊ុចសែល ជាទីដែលបណ្ដារដ្ឋមន្ត្រីការបរទេសមកពីប្រទេសណាតូ កំពុងជួបប្រជុំគ្នា ដើម្បីពិភាក្សាពីការជំរុញរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបញ្ចប់ជម្លោះនៅអ៊ុយក្រែន។
កិច្ចប្រជុំដែលពុំមានវត្តមានរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ទេនោះ គឺជាលើកដំបូងហើយរបស់ប្រមុខការទូតសម្ព័ន្ធយោធា ចាប់តាំងពីការចេញផ្សាយសេចក្តីព្រាងផែនការសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែនមក ស្របពេលមានក្ដីបារម្ភកាន់តែខ្លាំងឡើងនៅលោកខាងលិច ខណៈខ្លួនអវត្តមានក្នុងកិច្ចពិភាក្សា ដែលភាគច្រើនដឹកនាំដោយមន្ត្រីអាមេរិក និងរុស្ស៊ី។
ពាក់ព័ន្ធនឹងសន្តិភាពនៅអ៊ុយក្រែន លោក Rutte បាននិយាយប្រាប់អ្នកសារព័ត៌មានថា អង្គការណាតូ កំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តណាតូផ្សេងទៀត។
លោកបានបន្តថា ចំនួនពីរភាគបីនៃរដ្ឋសមាជិកណាតូ បានប្តេជ្ញាចិត្តចំពោះសព្វាវុធសម្រាប់អ៊ុយក្រែន តាមរយៈបញ្ជីតម្រូវការអ៊ុយក្រែនអាទិភាព (ឬហៅថា PURL) ដែលបានទទួលការសន្យាតម្លៃ ៤ពាន់លានដុល្លារ រួចហើយរហូតមកទល់ពេលនេះ៕

