បាល់ទាត់៖ អ្នកចាត់ការដែលកំពុងមានសំពាធ Jose Mourinho ត្រូវបានសហព័ន្ធបាល់ទាត់អ៊ីតាលីមិនឱ្យដឹកនាំ ២ប្រកួតក្រោយទទួលបានកាតក្រហមអំឡុងការការប្រកួតដែល Roma ស្មើ ២-២ ទល់នឹង Verona កាលពីថ្ងៃសៅរ៍ក្របខណ្ឌកំពូលអ៊ីតាលី Serie A។ អតីតអ្នកចាត់ការ Manchester United រូបនេះបានដើរសម្រុកចូលទីលានទៅឈ្លោះជាមួយអាជ្ញាកណ្ដាលលោក Luca Pairetto មុនពេលដែលបញ្ចេញកំហឹងដោយទាត់បាល់ទៅអ្នកគាំទ្រ។

សហព័ន្ធបាល់ទាត់អ៊ីតាលីបានចាត់ទុកទង្វើ របស់អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់រូបនេះថា ជាសកម្មភាពដែលមិនគួរគប្បីមួយ ជាមួយនឹងកាយវិការដែលមើលទៅហាក់ចង់បង្កហិង្សាលើនរណាម្នាក់។ ក្រៅពីការដាក់ពិន័យ ២ប្រកួត Jose Mourinho ក៏ត្រូវបានពិន័យជាទឹកប្រាក់ ២ម៉ឺនអឺរ៉ូផងដែរ។ Jose Mourinho នឹងមិនមានវត្តមានពេល Roma ជួប Spezia ចុងសប្តាហ៍នេះ និងមួយប្រកួតទៀតទល់នឹង Atalanta។ Roma កំពុងឈរលេខ ៨ នៅក្របខណ្ឌអ៊ីតាលី Serie A រដូវកាលនេះតាមពីក្រោយក្រុមនៅចំណាត់ថ្នាក់ជម្រុះ Champions League ៦ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ