លោក Luiz Inacio Lula da Silva ប្រធានាធិបតីប្រេស៊ីល កាលពីថ្ងៃពុធបាននិយាយថា លោករំពឹងថានឹងមានការបន្ធូរបន្ថយការដំឡើងពន្ធបន្ថែមទៀតសម្រាប់ទំនិញរបស់ប្រទេសប្រេស៊ីលបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរបស់លោកកាលពីថ្ងៃអង្គារជាមួយសមភាគីសហរដ្ឋអាមេរិក លោក Donald Trump។ នៅក្នុងបទសម្ភាសន៍មួយ លោក Lula បាននិយាយថា ប្រទេសរបស់លោកអាចនឹងទទួលបានដំណឹងល្អក្នុងពេលឆាប់ៗនេះទាក់ទងនឹងពាណិជ្ជកម្ម។

ខណៈអំពាវនាវឱ្យលុបចោលពន្ធដែលមានស្រាប់លើការនាំចេញរបស់ប្រេស៊ីល លោកបានពិពណ៌នាថា «មានភាពវិជ្ជមានខ្លាំង»ចំពោះការសម្រេចចិត្តកាលពីពេលថ្មីៗនេះរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការលុបចោលការដំឡើងពន្ធបន្ថែម៤០ភាគរយលើផលិតផលដូចជាសាច់ កាហ្វេ និងផ្លែឈើ។
កាលពីប៉ុន្មានសប្តាហ៍មុន សហរដ្ឋអាមេរិកបានលុបចោលការដំឡើងពន្ធបន្ថែមលើផលិតផលរបស់ប្រទេសប្រេស៊ីលជាង២០០មុខ បន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសប្រេស៊ីលលោក Mauro Vieira និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio។
យោងតាមលោក Lula បានឲ្យដឹងថា ការសន្ទនានេះគឺជាលើកទីបីហើយ ដែលប្រមុខរដ្ឋទាំងពីរបានពិភាក្សាគ្នាចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មនិងការដំឡើងពន្ធលើផលិតផលរបស់ប្រទេសប្រេស៊ីល។
