មន្រ្តីជំនួយការនៅវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយកាលពីថ្ងៃពុធ (៣ ធ្នូ) ថា វឌ្ឍនភាពនៅក្នុងសមរភូមិថ្មីៗនេះរបស់រុស្ស៊ី នៅអ៊ុយក្រែន មានឥទ្ធិពលជាវិជ្ជមានទៅលើការចរចាសន្តិភាព ដែលធ្វើឡើងជាមួយប្រេសិតអាមេរិក នៅទីក្រុងមូស្គូ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។

នៅក្នុងវីដេអូមួយដែលបានចេញផ្សាយនៅមុនថ្ងៃនៃកិច្ចចរចា លោកប្រធានាធិបតី Vladimir Putin បានសាទរចំពោះអ្វីដែលមេបញ្ជាការរបស់លោកបាននិយាយថា រុស្ស៊ីដណ្តើមយកទីក្រុង Pokrovsk ទាំងស្រុង នៅភាគខាងកើតអ៊ុយក្រែន។ ប៉ុន្តែទីក្រុងគីវ បានច្រានចោលការអះអាងនេះ ដោយនិយាយថា ការប្រយុទ្ធនៅតែបន្តនៅទីនោះ។
យ៉ាងណាមិញ លោក Ushakov បាននិយាយបន្ទាប់ពីកិច្ចពិភាក្សារវាងលោក Putin និងប្រេសិតពិសេសអាមេរិក លោក Steve Witkoff ថា "ពិតណាស់ ដំណើរការ និងលក្ខណៈនៃកិច្ចចរចានោះ ត្រូវបានជះឥទ្ធិពលដោយជ័យជម្នះនៅក្នុងសប្តាហ៍ថ្មីៗនេះលើសមរភូមិ។
កងកម្លាំងរុស្ស៊ី គ្រប់គ្រងបានច្រើនជាង ១៩% នៃទឹកដីអ៊ុយក្រែន ឬប្រមាណ ១១៥.៦០០គីឡូម៉ែត្រក្រឡា ដោយកើនឡើងត្រឹមតែ ១% ប៉ុណ្ណោះធៀបនឹង ២ឆ្នាំមុន ប៉ុន្តែការមានប្រៀបនៅឆ្នាំ២០២៥នេះ ស្ថិតក្នុងល្បឿនដ៏លឿនបំផុតរបស់រុស្ស៊ី ចាប់តាំងពីឆ្នាំ២០២២មក នេះបើយោងតាមផែនទីរបស់ក្រុមគាំទ្រអ៊ុយក្រែន៕

