លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធ ទី៣ ខែធ្នូ ថា ការបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន គួរតែគោរពតាមច្បាប់អន្តរជាតិ។ លោក Guterres បានថ្លែងនៅក្នុងសន្និសីទ Reuters NEXT នៅទីក្រុងញូវយ៉កថា «ខ្ញុំជឿថា យើងនៅតែស្ថិតនៅឆ្ងាយពីដំណោះស្រាយ»។

រុស្ស៊ី បានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដែលបង្កឱ្យមានការប្រឈមមុខដាក់គ្នាធំបំផុតរវាងទីក្រុងមូស្គូ និងប្រទេសលោកខាងលិចចាប់តាំងពីសង្គ្រាមត្រជាក់មក។ សហរដ្ឋអាមេរិក កំពុងព្យាយាមសម្របសម្រួលដើម្បីបញ្ចប់ជម្លោះនេះ។
លោក Guterres ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដកចេញឧបសគ្គចំពោះការដឹកជញ្ជូនជំនួយនៅតំបន់ហ្កាហ្សា។ លោកបាននិយាយថា មានហេតុផលរឹងមាំដើម្បីជឿថា ឧក្រិដ្ឋកម្មសង្គ្រាមត្រូវបានប្រព្រឹត្តនៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។
ស្តីពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើនាវានៅជិតប្រទេសវ៉េណេស៊ុយអេឡា លោក Guterres បាននិយាយថា វាមិនឆ្លើយតបទៅនឹងច្បាប់អន្តរជាតិទេ។

