ក្រុមមន្ត្រីសហព័ន្ធបាននិយាយកាលពីថ្ងៃពុធ (៣ ធ្នូ) ថា មន្ត្រីអន្តោប្រវេសន៍អាមេរិក រាប់រយនាក់បានចាប់ផ្តើមប្រតិបត្តិការនៅក្នុងទីក្រុង New Orleans រដ្ឋ Louisiana ដើម្បីចាប់ខ្លួនជនអន្តោប្រវេសន៍រស់នៅសហរដ្ឋអាមេរិកដោយខុសច្បាប់ ដោយធ្វើឱ្យទីក្រុងនេះក្លាយជាទីតាំងចុងក្រោយបំផុត ដែលត្រូវដាក់គោលដៅ ក្នុងការបង្ក្រាបយ៉ាងចាស់ដៃរបស់លោកប្រធានាធិបតី Donald Trump ។
ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានកំណត់គោលដៅនៃការចាប់ខ្លួន ៥.០០០នាក់ នៅក្នុងទីក្រុង New Orleans ដែលជាចំនួនច្រើនខ្លាំង ជាងការចាប់ខ្លួននិងឃុំខ្លួនកន្លងមក ក្នុងការឆ្មក់បង្រ្កាបជាច្រើនសប្តាហ៍នៅតំបន់ទីក្រុង Chicago ដ៏ធំ។

ចំនួនប្រជាជនឡាទីនក្នុងតំបន់រណបរបស់ក្រុង New Orleans បានកើនឡើងយ៉ាងឆាប់ បន្ទាប់ពីព្យុះសង្ឃរា Katrina ដ៏បំផ្លិចបំផ្លាញក្នុងឆ្នាំ២០០៥។ ក្រុមសិទ្ធិមនុស្សនិយាយថា ជនអន្តោប្រវេសន៍ឡាទីនជាច្រើន ដែលពុំមានឯកសារត្រឹមត្រូវ បានសម្រុកទៅរស់នៅទីក្រុងនេះដើម្បីកសាងជីវិតឡើងវិញ។
អភិបាលរដ្ឋ Louisiana មកពីបក្សសាធារណរដ្ឋ លោក Jeff Landry បានគាំទ្រកិច្ចប្រឹងប្រែងអនុវត្តច្បាប់អន្តោប្រវេសន៍សហព័ន្ធនេះ។ ប៉ុន្តែអ្នកស្រុក និងមន្ត្រីមូលដ្ឋានក្នុងទីក្រុងនានា ដែលត្រូវកំណត់គោលដៅក្នុងការបង្រ្កាបអន្តោប្រវេសន៍ បានរុញច្រានប្រឆាំងនឹងចំណាត់ការបែបនេះ ដោយនិយាយថា ភ្នាក់ងារល្បាតព្រំដែន និងភ្នាក់ងារអន្តោប្រវេសន៍ ICE បានឆែកឆេរមនុស្សជាច្រើនដែលគ្មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ ហើយបានប្រើយុទ្ធសាស្រ្តដៃធ្ងន់ ដែលអាចធ្វើឱ្យអ្នកស្រុកជួបគ្រោះថ្នាក់៕

