ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃពុធ (ទី៣ ខែធ្នូ) បានបញ្ជាក់ថា ប្រមាណជា ១០ថ្ងៃមុន លោកបានមានការសន្ទនាតាមទូរសព្ទ «ប្រកបដោយក្ដីគោរព និងស្និទ្ធស្នាល» ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដោយបានកំណត់ការជជែកគ្នានេះថា ជាការបើកនូវលទ្ធភាពនៃការមានការទូត។
នៅក្នុងព្រឹត្តិការណ៍មួយដែលត្រូវបានផ្សាយតាមទូរទស្សន៍ លោក Maduro បាននិយាយថា៖ «ប្រសិនបើការជជែកតាមទូរសព្ទនេះ មានន័យថា វិធានការនានាកំពុងត្រូវបានអនុវត្តឆ្ពោះទៅរកកិច្ចសន្ទនាប្រកបដោយការគោរព រវាងប្រទេសរបស់យើងទាំង២ ការសន្ទនាត្រូវបានស្វាគមន៍ ការទូតត្រូវបានស្វាគមន៍»។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ដោយដកស្រង់ប្រភពចំនួន ៤ ដែលដឹងពីការជជែកតាមទូរសព្ទនេះ សារព័ត៌មាន Reuters បានរាយការណ៍ថា លោក Maduro បានប្រាប់លោក Trump ថា លោកសុខចិត្តចាកចេញពីប្រទេសវ៉េណេស៊ុយអេឡា ប្រសិនបើលោក និងគ្រួសាររបស់លោកទទួលបានការលើកលែងទោសតាមផ្លូវច្បាប់ពេញលេញ ក្នុងនោះរួមទាំងការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងការបញ្ចប់សំណុំរឿងដ៏លេចធ្លោមួយ នៅចំពោះមុខតុលាការព្រហ្មទណ្ឌអន្តរជាតិ។
ការសន្ទនាគ្នានេះ ធ្វើឡើងបន្ទាប់ពីមានសម្ពាធរបស់សហរដ្ឋអាមេរិកជាច្រើនខែលើប្រទេសវ៉េណេស៊ុយអេឡា ក្នុងនោះរួមទាំងការវាយប្រហារលើទូកសង្ស័យរត់ពន្ធគ្រឿងញៀន ការគំរាមកំហែងធ្វើសកម្មភាពយោធា និងការកំណត់ក្រុម Cartel de los Soles ជាក្រុមភេរវករបរទេស។ ហើយបន្ថែមពីលើនោះទៀត មេដឹកនាំអាមេរិក បានព្រលយពាក្យថា ការវាយប្រហារលើដីគោក នឹងកើតមានឆាប់ៗ៕
