ពិធីបញ្ចុះបឋមសិលាកសាងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំសំបួរ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅភូមិអូក្អាម ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានរៀបចំឡើងក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជន កម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹក ការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងនៅទូទាំងប្រទេសផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសសើរ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយទៀប រួមជាមួយក្រុមការងារ បានរួមសហការជួយគ្នាយ៉ាងសស្រាក់សស្រាំ កសាងសមិទ្ធិផលជាច្រើន នៅក្នុងខេត្តស្វាយរៀង ពិសេស ស្រុករមាសហែក ស្រុកស្វាយទៀប រួមមាន ៖ ការកសាងមន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ ស្នាក់ការបក្ស ជាដើម ដែលសកម្មភាពនេះ គណបក្សប្រជាជនកម្ពុជា ចងចាំមិនភ្លេច នូវស្នាដៃនិងសមិទ្ធិផលរាប់មិនអស់របស់ ឯកឧត្តម និងក្រុមការងារ ។ ដោយឡែកស្នាក់ការបក្សនេះ នឹងបានចូលរួមចំណែកក្នុងការបំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងជួយសម្រួលដល់ការបម្រើការងាររបស់គណបក្សនៅមូលដ្ឋានផងដែរ ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្រុមជាង ត្រូវបំពេញការងារឲ្យបានហ្មត់ចត់ ត្រូវគោរពតាមបទដ្ឋាននៃសំណង់ សាងសង់ឲ្យមានភាពរឹងមាំ ជាប់ល្អ និងធ្វើការដោយប្រុងប្រយ័ត្ន ជៀសវាងគ្រោះថ្នាក់ ដែលកើតមានជាយថាហេតុ។
គួររំលឹកផងដែរថា ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំសំបួរ មានទទឹង ៣១,៥ម៉ែត្រ x បណ្តោយ ១២ម៉ែត្រ បូកផ្នែកខាងមុខ ៨ម៉ែត្រ x ៨ម៉ែត្រ ដែលមានទំហំសរុប ៤៤២ម៉ែត្រការ៉េ៕





