ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្លែងថា ព្រឹត្តិការណ៍ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» លើកទី១៨ ឆ្នាំ២០២៥ នេះ នឹងក្លាយជាបទពិសោធន៍ដ៏អស្ចារ្យ និងជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងយុគសម័យថ្មីនៃពាណិជ្ជកម្ម ពិសេស គឺបង្កើនល្បឿន និងជំរុញសកម្មភាពពាណិជ្ជកម្មក្នុងប្រទេស ព្រមទាំងតភ្ជាប់ទីផ្សារក្នុងស្រុកបន្ថែម។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាស តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» លើកទី១៨ ឆ្នាំ២០២៥ ក្រោមមូលបទ "យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក" ដែលនឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងសាលសន្និបាត ភីអេច ហ្គ្រែនហល (PH Grand Hall) បុរីប៉េងហួតបឹងស្នោរ រាជធានីភ្នំពេញ ក្រោមគំនិតផ្តួចផ្តើមរៀបចំដោយក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥ ។

ព្រឹត្តិការណ៍ "ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា" លើកទី១៨ ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងប្រកបដោយភាពច្នៃប្រឌិត រស់រវើក សម្បូរបែប និងទាន់សភាពការណ៍ ជាមួយនឹងគោលបំណងក្នុងការជំរុញលើកកម្ពស់ ព្រមទាំងតាំងបង្ហាញនូវផលិតផល និងសេវាកម្មសក្តានុពលនានារបស់កម្ពុជា សំដៅបង្កើនការតភ្ជាប់ទីផ្សារក្នុងស្រុក និងបង្កើតឱកាសក្នុងការផ្គូផ្គងធុរកិច្ចជាតិ និងអន្តរជាតិ ក៏ដូចជាប្រើប្រាស់ជាវេទិកាសម្រាប់ផ្សព្វផ្សាយអំពីកាលានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។ ការដាក់តាំងបង្ហាញនូវផលិតផល និងសេវាកម្មគុណភាពក្នុងព្រឹត្តិការណ៍នេះ គឺជាការផ្តល់ជម្រើសបន្ថែមដល់អ្នកប្រើប្រាស់ ដែលស្តែងឱ្យឃើញពីការអនុវត្តនូវអនុសាសន៍ណែនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានលើកឡើងក្នុងពិធីបើក អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។

ក្រៅពីការតាំងបង្ហាញស្តង់ផលិតផល និងសេវាកម្មដ៏សម្បូរបែបពីបណ្ដាក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ព្រឹត្តិការណ៍នេះក៏មានរៀបចំកម្មវិធីអមសំខាន់ៗជាច្រើនដូចជា៖ វេទិកាស្តីពីវិស័យនាំចេញកម្ពុជា, (២)កម្មវិធីជំនួបពាណិជ្ជកម្មស្តីពី "កាលានុវត្តភាពនៃទីផ្សារផលិតផលកម្ពុជាក្នុងយុគសម័យថ្មី", (៣)វេទិកាស្តីពីស្ត្រីក្នុងវិស័យពាណិជ្ជកម្ម , និង (៤)ពន្លាសេវាសាធារណៈកម្ពុជា ។ ដើម្បីឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកំណែទម្រង់រដ្ឋបាលសាធារណៈ និងការសម្របសម្រួលវិនិយោគ ក្រសួងពាណិជ្ជកម្មបានផ្តល់កិត្តិយសអញ្ជើញ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ឱ្យចូលរួមតាំងបង្ហាញនូវសេវាសាធារណៈរបស់ខ្លួន ជាពិសេស ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) នៅក្នុងពន្លាសេវាសាធារណៈកម្ពុជា នៃព្រឹត្តិការណ៍ដ៏ធំនេះផងដែរ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខដឹកនាំកំពូលនៃរាជរដ្ឋាភិបាលកម្ពុជា ដែលជាមូលដ្ឋាននាំមកនូវការអភិវឌ្ឍ ការកាត់បន្ថយភាពក្រីក្រ និងជាពិសេស ការផ្លាស់ប្តូរមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ ដ៏គួរឱ្យកត់សម្គាល់។ ឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តយុទ្ធសាស្រ្ត និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា និងជំរុញពាណិជ្ជកម្មអន្តរជាតិ ជាពិសេស ឯកឧត្តម បានធ្វើការវាយតម្លៃខ្ពស់ និងអបអរសាទរជូនចំពោះការយកចិត្តទុកដាក់រៀបចំយ៉ាងស្វាហាប់របស់ក្រសួង ដែលនាំឱ្យពន្លាជាតិកម្ពុជាទទួលបាន "ពានរង្វាន់សំរឹទ្ធ" លំដាប់ថ្នាក់ពិភពលោក ផ្នែករចនាការតាំងបង្ហាញ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន នាពេលកន្លងទៅ។
តាមរយៈការរៀបចំដ៏ទំនើប ការតុបតែងដ៏ទាក់ទាញ និងការដាក់តាំងបង្ហាញផលិតផលប្រកបដោយគុណភាពខ្ពស់ នៅក្នុងពិព័រណ៍យ៉ាងមហោឡារឹកក្នុងឆ្នាំ២០២៥នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីរំពឹងថា ព្រឹត្តិការណ៍នេះ នឹងក្លាយជាបទពិសោធន៍ដ៏អស្ចារ្យ និងជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងយុគសម័យថ្មីនៃពាណិជ្ជកម្ម ពិសេសគឺបង្កើនល្បឿន និងជំរុញសកម្មភាពពាណិជ្ជកម្មក្នុងប្រទេស ព្រមទាំងតភ្ជាប់ទីផ្សារក្នុងស្រុកបន្ថែម។ មួយផ្នែកទៀត ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨នេះ នឹងអាចជួយឱ្យធុរជន ក៏ដូចជាវិនិយោគិនអន្តរជាតិ ជ្រាបបានកាន់តែច្បាស់អំពីសក្តានុពលកម្ពុជា និងកញ្ចប់លើកទឹកចិត្តជាអាទិភាពនានា ដែលផ្តល់ដោយរាជរដ្ឋាភិបាលសម្រាប់ការវិនិយោគ ដើម្បីបានជាមូលដ្ឋានក្នុងការសម្រេចចិត្តដាក់ទុនវិនិយោគ ឬចាប់ដៃគូធុរកិច្ចក្នុងការនាំយកផលិតផលប្រកបដោយគុណភាពរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ៕











