ប្រតិបត្តិការជួយសង្គ្រោះ នៅតំបន់អាស៊ីខាងត្បូង និងអាគ្នេយ៍ បានថយល្បឿន ដោយសារហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត ហើយមូលនិធិមនុស្សធម៌ធ្លាក់ចុះ។ រឿងនេះកើតឡើងនៅពេលដែលអ្នករួចជីវិតពីគ្រោះមហន្តរាយទឹកជំនន់រាប់សែននាក់ ប្រឈមនឹងកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងទឹកស្អាត ទាំងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ស្រីលង្កា ថៃ និងម៉ាឡេស៊ី។
យោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ CNA បានឲ្យដឹងថា ក្រុមមនុស្សធម៌បានព្រមានថា តម្រូវការ គឺលើសពីសមត្ថភាពផ្ដល់ជូនក្នុងស្រុក។ ហើយពួកគេជំរុញឲ្យរដ្ឋាភិបាលពង្រឹងប្រព័ន្ធព្រមានជាមុន បន្ទាប់ពីអ្នកនៅរស់រានមានជីវិតជាច្រើននាក់ បានរៀបរាប់ពីទឹកជំនន់ដ៏បំផ្លិចបំផ្លាញកើតឡើងយ៉ាងលឿន ដោយគ្មានការព្រមានប្រាប់មុន។

តំបន់នេះត្រូវបានវាយប្រហារដោយការរួមបញ្ចូលគ្នាខុសពីធម្មតានៃទឹកភ្លៀងធា្លក់ខ្លាំង ក្នុងរដូវមូសុង និងព្យុះស៊ីក្លូនត្រូពិកចំនួន ២ កាលពីសប្តាហ៍មុន ដោយបានបង្កជាទឹកជំនន់ជន់លិចស្រីលង្កា ខេត្តចំនួន ៣ នៅលើកោះស៊ូម៉ាត្រារបស់ឥណ្ឌូនេស៊ី ភាគខាងត្បូងថៃ និងផ្នែកភាគខាងជើងម៉ាឡេស៊ី។ សារព័ត៌មាន Anadolu បានរាយការណ៍ថា មនុស្សជាង ១.៥០០នាក់ បានបាត់បង់ជីវិត ហើយជាង ១.០០០នាក់ នៅតែបាត់ខ្លួន ខណៈរាប់លាននាក់ត្រូវបានជម្លៀសចេញ។
សហព័ន្ធកាកបាទក្រហមអន្តរជាតិ និងសង្គមអឌ្ឍចន្ទក្រហម (IFRC) បានឲ្យដឹងថា ក្រុមឆ្លើយតបកំពុងជួបការលំបាក ក្នុងការចូលទៅដល់ក្រុមគ្រួសារដែលនៅដាច់ឆ្ងាយពីគេ ដោយសារផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ការដឹកជញ្ជូនតាមនាវា និងផ្លូវអាកាស កំពុងត្រូវបានអនុវត្ត ប៉ុន្តែដំណើរការប្រព្រឹត្តទៅក្នុងល្បឿនដ៏យឺត។
ហើយទន្ទឹមនឹងនេះ IFRC ព្រមានថា ការធ្លាក់ចុះនូវការផ្ដល់មូលនិធិពីម្ចាស់ជំនួយធំៗ នឹងធ្វើឲ្យសមត្ថភាពរបស់ខ្លួនចុះខ្សោយ ក្នុងការអនុវត្តការឆ្លើយតបគ្រាអាសន្នទ្រង់ទ្រាយធំ៕



