សារព័ត៌មាន Financial Times (FT) កាលពីថ្ងៃពុធ (ទី៣ ខែធ្នូ) បានឲ្យដឹងថា សហរដ្ឋអាមេរិក បានបញ្ឈប់ផែនការដាក់ទណ្ឌកម្មលើក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសចិន ជុំវិញយុទ្ធនាការចារកម្មតាមប្រព័ន្ធអ៊ីនធឺណិតដ៏ធំមួយ ដោយសម្រេចនេះ គឺដើម្បីចៀសវាងកុំឲ្យរំខានដំណើរការផ្អាកជម្លោះពាណិជ្ជកម្មដែលភាគីទាំង២ បានឈានដល់នៅឆ្នាំនេះ។
នៅមុននេះ ក្រុមចោរព័ត៌មានវិទ្យាដែលត្រូវបានភ្ជាប់ជាមួយចិន បានកំណត់គោលដៅលើក្រុមហ៊ុនទូរគមនាគមន៍អាមេរិក និងសកលជាច្រើន និងលើបណ្តាញឆ្មាំកងទ័ពជាតិរបស់សហរដ្ឋអាមេរិក ជាយុទ្ធនាការចារកម្មតាមប្រព័ន្ធអ៊ីនធឺណិតដ៏ធំទូលាយ និងយូរឆ្នាំ ដែលត្រូវបានឲ្យឈ្មោះថា Salt Typhoon។

ជាមួយគ្នានេះ ដោយដកស្រង់សម្ដីពីមន្ត្រីអាមេរិកជាច្រើននាក់ និងបុគ្គលផ្សេងទៀតដែលដឹងពីស្ថានភាពនេះ សេចក្ដីរាយការណ៍ បានឲ្យដឹងទៀតថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ក៏នឹងមិនអនុវត្តការគ្រប់គ្រងការនាំចេញសំខាន់ៗ ប្រឆាំងនឹងប្រទេសចិនដែរ។ យ៉ាងណាក្ដី សេតវិមានមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះ។
គួរបញ្ជាក់ថា បន្ទាប់ពីមានភាពតានតឹងពាណិជ្ជកម្មជាច្រើនខែដែលបង្កឡើងដោយសារការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក មេដឹកនាំចិន លោក Xi Jinping និងលោក Trump បានឈានដល់កិច្ចព្រមព្រៀងក្របខ័ណ្ឌ នៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៣០ ខែតុលា។ ទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមមិនដាក់អត្រាពន្ធ ១០០ភាគរយ លើការនាំចូលរបស់ចិន ហើយចិននឹងផ្អាកច្បាប់ផ្ដល់អាជ្ញាប័ណ្ណនាំចេញ សម្រាប់រ៉ែ និងមេដែកកម្រសំខាន់ៗ៕
