ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី ការផ្សព្វផ្សាយជាផ្លូវការរបាយការណ៍ថ្នាក់តំបន់ នៃរង្វាយតម្លៃលទ្ធផលសិក្សា កម្រិតបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ (SEA-PLM 2024) ដោយបានបង្ហាញថា សិស្សឆ្នើមកម្ពុជាកំពុងរៀននៅថ្នាក់ទី៥ ប៉ុណ្ណោះ ប៉ុន្តែពួកគេ មានសមត្ថភាពធ្វើបានល្អប្រហាក់ប្រហែលនឹងសិស្ស ដែលនៅកម្រិតបញ្ចប់ការអប់រំនៅបឋមសិក្សា ក្នុងបណ្តាប្រទេសដទៃទៀត ដែលបានចូលរួមក្នុងរង្វាយតម្លៃ SEA-PLM។
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា លេខាធិការដ្ឋាន SEAMEO បានប្រារព្ធពិធីផ្សព្វផ្សាយជាផ្លូវការនូវរបាយការណ៍ថ្នាក់តំបន់នៃរង្វាយតម្លៃលទ្ធផលសិក្សាកម្រិត បឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ (SEA-PLM 2024) នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នាទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន។ ប្រទេសកម្ពុជាបានចូលរួមអនុវត្តរង្វាយតម្លៃថ្នាក់តំបន់ SEA-PLM លើកទី១ នៅឆ្នាំ២០១៩ និងលើកទី២ នៅឆ្នាំ២០២៤ ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ លទ្ធផលសំខាន់ៗរបស់កម្ពុជាក្នុងរបាយការណ៍ ថ្នាក់តំបន់ SEA-PLM ឆ្នាំ ២០២៤ មានខ្លឹមសារដូចខាងក្រោម៖
សិស្សកម្ពុជាទទួលពិន្ទុជាមធ្យមផ្នែកអំណានកើនឡើង ៦ពិន្ទុ (២៩០ ក្នុងឆ្នាំ២០១៩ កើនដល់ ២៩៦ ក្នុងឆ្នាំ២០២៤) និងពិន្ទុជាមធ្យមផ្នែកគណិតវិទ្យាកើនឡើង ១២ពិន្ទុ (២៨៩ ក្នុងឆ្នាំ២០១៩ កើនដល់ ៣០១ ក្នុងឆ្នាំ២០២៤)។ អត្រាសិស្សដែលមានសមត្ថភាពអំណានកម្រិតខ្ពស់ (ពីកម្រិត ៥ ឡើងទៅ) បានកើនឡើងពី ២៧% ក្នុងឆ្នាំ២០១៩ ដល់ ៣៩% ក្នុងឆ្នាំ២០២៤។ ក្នុងចំណោមសិស្សទាំងនេះ អត្រាសិស្សឆ្នើមបានកើនឡើងពី ១១% ក្នុងឆ្នាំ២០១៩ ដល់១៨% ក្នុងឆ្នាំ២០២៤។ សិស្សឆ្នើមទាំងនេះកំពុងរៀននៅថ្នាក់ទី៥ ប៉ុណ្ណោះ ប៉ុន្តែពួកគេ មានសមត្ថភាពធ្វើបានល្អប្រហាក់ប្រហែលនឹងសិស្ស ដែលនៅកម្រិតបញ្ចប់ការអប់រំនៅបឋមសិក្សា ក្នុងបណ្តាប្រទេសដទៃទៀត ដែលបានចូលរួមក្នុងរង្វាយតម្លៃ SEA-PLM។
ចំណែកផ្នែកគណិតវិទ្យា អត្រាសិស្សដែលមានសមត្ថភាពខ្ពស់ (ពីកម្រិត ៥ ឡើងទៅ) បានកើនឡើងពី ៣៩% ក្នុងឆ្នាំ២០១៩ ដល់ ៦២% ក្នុងឆ្នាំ២០២៤។ ក្នុងចំណោមសិស្សទាំងនេះ អត្រាសិស្សឆ្នើមបានកើនឡើងពី១៩% នៅឆ្នាំ២០១៩ ដល់៤០% នៅឆ្នាំ២០២៤។ ទោះបីជាសិស្សឆ្នើមទាំងនេះកំពុងរៀននៅថ្នាក់ទី៥ ក៏ដោយ ក៏ពួកគាត់មានសមត្ថភាពធ្វើបានល្អប្រហាក់ប្រហែលនឹងសិស្ស ដែលនៅកម្រិតបញ្ចប់ការអប់រំនៅបឋមសិក្សាក្នុងបណ្តាប្រទេសដទៃទៀត ដែលបានចូលរួម។
ព័ត៌មានពិស្ដារ៖
